មាន​ពេល​មួយ​ខ្ញុំ​បាន​ជជែក​វែក​ញែក​ជា​មួយ​អ្នក​ដទៃ នៅ​ក្នុង​ហ្វេស​ប៊ុក។ នោះ​ជា​ទង្វើរ​ដែល​ខ្ញុំ​មិន​គួរ​ធ្វើ។ តើ​ខ្ញុំ​មាន​កាតព្វ​កិច្ចអ្វី នៅ​ក្នុង​ការ “កែ​តម្រង់” មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់ ​នៅ​ក្នុង​ការ​ជជែក​គ្នា ក្រោម​ប្រធាន​បទ​ដ៏​ក្តៅ​គគុក ជា​ពិសេស ប្រធាន​បទ​ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់? លទ្ធ​ផល​ទទួល​បាន​នៅ​ពេល​នោះ គឺ​មាន​ដូច​ជា ពាក្យ​សម្តី​ដែល​ឡើង​កម្តៅ ការ​ឈឺ​ចាប់​ក្នុងអារម្មណ៍​(នៅ​ខាង​ខ្ញុំ) និង​ការ​បាត់​បង់​ឱកាស ដើម្បី​ធ្វើ​បន្ទាល់​ឲ្យ​បាន​ល្អ​ថ្វាយ​ព្រះ​យេស៊ូវ។ នោះជា​លទ្ធ​ផល​សរុប​ ដែល​ទទួលបាន​ពី “កំហឹង​ក្នុង​បណ្តាញ​អ៊ីធើណិត”។ វា​ជា​បញ្ហា​ដែល​កើត​មាន ជា​រៀង​រាល់​ថ្ងៃ នៅ​តាម​បណ្តាញ​សង្គម។ អ្នក​ជំនាញ​ផ្នែកក្រម​សីលធម៌​បាន​ពន្យល់​ថា មនុស្ស​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ខុស​ថា មនុស្ស​ជជែក​ដេញ​ដោល​គ្នា ជា​សាធារណៈ​ ដោយ​សេចក្តី​កំហឹង។

សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​លោក​ធីម៉ូថេ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ស្រដៀង​នេះ​ផង​ដែរ​ថា “កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្តី​ដេញ​ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា​ទេ ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះអម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ”(២ធីម៉ូថេ ២:២៣-២៤)។

កាល​នោះ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​ការ​បង្រៀន​នោះ ផ្ញើ​ទៅលោក​ធីម៉ូថេ ពី​មន្ទីរ​ឃុំ​ឃាំង​របស់​ចក្រ​ភព​រ៉ូម៉ាំង ដើម្បី​រៀប​ចំខ្លួន​លោក​គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់​នេះ សម្រាប់​ការ​បង្រៀន​សេចក្តី​ពិត​របស់​ព្រះ។ ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ក៏​សម្រាប់​យើង​រាល់​គ្នា ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​ ជា​ពិសេស នៅ​ពេល​ដែល​យើង​ចាំ​បាច់​ត្រូវ​សន្ទនា អំពី​សេចក្តី​ជំនឿ​របស់​យើង។ គឺ​ដូច​មានសេចក្តី​ចែង​ថា​ “ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ”(ខ.២៥)។

ការ​និយាយ​ដោយ​ចិត្ត​សុភាព ទៅ​កាន់​អ្នក​ដទៃ គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ប្រឈម​នេះ ប៉ុន្តែ​ មិន​មែន​សម្រាប់​តែ​គ្រូ​គង្វាល​ប៉ុណ្ណោះ​ឡើយ។ សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ ហើយ​ព្យាយាម​ប្រាប់​អ្នក​ដទៃ អំពី​ព្រះ​អង្គ ចូរ​យើង​ចែក​ចាយ​សេចក្តី​ពិត​របស់ព្រះ​អង្គ ដោយ​ក្តី​ស្រឡាញ់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​ជួយ​យើង ក្នុង​គ្រប់​ពាក្យ​ដែល​យើង​និយាយ។​—Patricia Raybon