មានពេលមួយខ្ញុំបានជជែកវែកញែកជាមួយអ្នកដទៃ នៅក្នុងហ្វេសប៊ុក។ នោះជាទង្វើរដែលខ្ញុំមិនគួរធ្វើ។ តើខ្ញុំមានកាតព្វកិច្ចអ្វី នៅក្នុងការ “កែតម្រង់” មនុស្សម្នាក់ដែលខ្ញុំមិនស្គាល់ នៅក្នុងការជជែកគ្នា ក្រោមប្រធានបទដ៏ក្តៅគគុក ជាពិសេស ប្រធានបទដែលនាំឲ្យមានការបែកបាក់? លទ្ធផលទទួលបាននៅពេលនោះ គឺមានដូចជា ពាក្យសម្តីដែលឡើងកម្តៅ ការឈឺចាប់ក្នុងអារម្មណ៍(នៅខាងខ្ញុំ) និងការបាត់បង់ឱកាស ដើម្បីធ្វើបន្ទាល់ឲ្យបានល្អថ្វាយព្រះយេស៊ូវ។ នោះជាលទ្ធផលសរុប ដែលទទួលបានពី “កំហឹងក្នុងបណ្តាញអ៊ីធើណិត”។ វាជាបញ្ហាដែលកើតមាន ជារៀងរាល់ថ្ងៃ នៅតាមបណ្តាញសង្គម។ អ្នកជំនាញផ្នែកក្រមសីលធម៌បានពន្យល់ថា មនុស្សបានធ្វើការសន្និដ្ឋានខុសថា មនុស្សជជែកដេញដោលគ្នា ជាសាធារណៈ ដោយសេចក្តីកំហឹង។
សាវ័កប៉ុលក៏បានបង្រៀនលោកធីម៉ូថេ ឲ្យមានការប្រុងប្រយ័ត្នស្រដៀងនេះផងដែរថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ”(២ធីម៉ូថេ ២:២៣-២៤)។
កាលនោះ សាវ័កប៉ុលបានសរសេរអំពីការបង្រៀននោះ ផ្ញើទៅលោកធីម៉ូថេ ពីមន្ទីរឃុំឃាំងរបស់ចក្រភពរ៉ូម៉ាំង ដើម្បីរៀបចំខ្លួនលោកគ្រូគង្វាលវ័យក្មេងម្នាក់នេះ សម្រាប់ការបង្រៀនសេចក្តីពិតរបស់ព្រះ។ ការបង្រៀនរបស់សាវ័កប៉ុលក៏សម្រាប់យើងរាល់គ្នា ក្នុងពេលបច្ចុប្បន្នផងដែរ ជាពិសេស នៅពេលដែលយើងចាំបាច់ត្រូវសន្ទនា អំពីសេចក្តីជំនឿរបស់យើង។ គឺដូចមានសេចក្តីចែងថា “ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្តីពិតវិញ”(ខ.២៥)។
ការនិយាយដោយចិត្តសុភាព ទៅកាន់អ្នកដទៃ គឺជាផ្នែកមួយនៃបញ្ហាប្រឈមនេះ ប៉ុន្តែ មិនមែនសម្រាប់តែគ្រូគង្វាលប៉ុណ្ណោះឡើយ។ សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះ ហើយព្យាយាមប្រាប់អ្នកដទៃ អំពីព្រះអង្គ ចូរយើងចែកចាយសេចក្តីពិតរបស់ព្រះអង្គ ដោយក្តីស្រឡាញ់។ ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយយើង ក្នុងគ្រប់ពាក្យដែលយើងនិយាយ។—Patricia Raybon