មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទីក្រុង​ឡុង ដើម្បី​ចូល​រួម​ការ​ប្រជុំ​មួយ។ កាល​នោះ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ខ្ញុំ​ក៏​មាន​ភាព​យឺត​យ៉ាវ។​ ខ្ញុំ​ក៏​បាន​រត់​ពី​ថ្នល់​មួយ​ទៅ​ថ្នល់​មួយ​ទៀត ហើយ​ក៏​បាន​បត់​នៅ​ជ្រុង​ផ្លូវ​ រួច​ក៏​ឈប់​នៅ​ត្រឹង​មួយ​កន្លែង។ ខ្ញុំ​ក៏​បាន​ឃើញ​រូប​ទេវតា​រាប់​សិប​អង្គ ហោះ​សំកាំង​ពី​លើ​ផ្លូវ Regent ដោយ​មាន​ស្លាប​ធំ​ៗ​លាត​សន្ធឹង ពី​លើ​ផ្លូវ​ដែល​កំពុង​តែ​មាន​ចរាចរណ៍​ទៅ​មក​។ គេ​បាន​ធ្វើ​រូប​ទេវតា​ទាំង​នោះ​ពី​អំពូល​ភ្លើង​ស្តុប​ផ្លិប​ភ្លែត​ៗ។ នេះ​ជា​ការ​តាំង​លម្អ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​ពិធី​បុណ្យ​ណូអែល ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ។ មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​មាន​ការ​ជាប់​ចិត្ត​នឹង​ផ្ទាំង​ទស្សនីយ​ភាព​នេះ។ ពេល​នោះ មនុស្ស​រាប់​រយ​នាក់​ក៏​បាន​ឈរ​ជា​ជួរ​នៅ​លើ​ចិញ្ចើម​ថ្នល់ គយ​គន់​ដោយ​ចិត្ត​ស្ងប់​ស្ងែង​ផង​ដែរ។​

ភាព​ស្ញប់​ស្ញែង គឺ​ជា​ចំណុច​កណ្តាល​នៃ​រឿង​បុណ្យ​ណូអែល។ ពេល​ដែល​ទេវតា​លេច​មក​ឲ្យ​នាង​ម៉ារា​ឃើញ ហើយ​ពន្យល់​ថា នាង​នឹង​មាន​ផ្ទៃ​ពោះ​ដោយ​ការ​អស្ចារ្យ(លូកា ១:២៦-៣៨) ហើយ​បាន​លេច​មក​ឲ្យ​ពួក​អ្នក​គង្វាល​ចៀម​ឃើញ ដើម្បី​ប្រកាស់អំពី​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​(២:៨-២០) ពួក​គេ​ម្នាក់​ៗ​បាន​ឆ្លើយ​តប ដោយ​ការ​ភ័យ​ខ្លាច ការ​ភ្ញាក់​ផ្អើល និង​ស្ញប់​ស្ញែង​។ ពេល​ដែល​ខ្ញុំ​មើល​ទៅ​ហ្វូង​មនុស្ស​នៅ​តាម​ដង​ផ្លូវ  Regent ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា បើ​សិន​យើង​ជា​អ្នក​គង្វាល​ដែល​បាន​ឃើញ​ទេវតា​ពិត​វិញ តើ​យើង​នឹង​មាន​ការ​ស្ញប់​ស្ញែង​ប៉ុណ្ណា?

មួយ​សន្ទុះ​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​រឿង​មួយ​ទៀត។ រូប​ទេវតា​ខ្លះ​មាន​ដៃ​លើក​ឡើង​ទៅ​លើ គឺ​ហាក់​ដូច​ជា​កំពុងតែ​មើល​ទៅ​លើ ទៅ​រក​អ្វី​មួយ​អញ្ចឹង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ក្រុម​ចម្រៀង​ទេវតា ដែល​បាន​ច្រៀង​សរសើរ​ដល់​ព្រះ​យេស៊ូវ​(ខ.១៣-១៤) ដែល​ពួក​គេ​ក៏​មាន​ការ​ស្ញប់​ស្ញែង​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​ឃើញ​ព្រះ​អង្គ។​

“ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់”(ហេព្រើរ ១:៣)។ ព្រះ​យេស៊ូវ​ជា​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ដែល​ទេវតា​ទាំង​អស់​ផ្តោត​ទៅ​លើ​(ខ.៦)។ បើ​ប្រជាជន​នៅ​ទីក្រុង​ឡុង​ដ៏​មមា​ញឹក បាន​ផ្អាក​ដំណើរ​របស់​ខ្លួន ដើម្បី​មើល​ការ​តាំង​លម្អ​ដ៏ស្រស់​ស្អាត សម្រាប់​ពិធី​បុណ្យ​ណូអែល​ទៅ​ហើយ នោះ​សូម​យើង​ស្រមៃ​មើល​ថា​ យើង​នឹង​មាន​ភាព​ស្ញប់​ស្ញែង​យ៉ាង​ណា ពេល​ដែល​បាន​ជួប​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ។—Sheridan Voysey