មានពេលមួយ ខ្ញុំបានទៅទីក្រុងឡុង ដើម្បីចូលរួមការប្រជុំមួយ។ កាលនោះ មានភ្លៀងធ្លាក់ខ្លាំង ហើយខ្ញុំក៏មានភាពយឺតយ៉ាវ។ ខ្ញុំក៏បានរត់ពីថ្នល់មួយទៅថ្នល់មួយទៀត ហើយក៏បានបត់នៅជ្រុងផ្លូវ រួចក៏ឈប់នៅត្រឹងមួយកន្លែង។ ខ្ញុំក៏បានឃើញរូបទេវតារាប់សិបអង្គ ហោះសំកាំងពីលើផ្លូវ Regent ដោយមានស្លាបធំៗលាតសន្ធឹង ពីលើផ្លូវដែលកំពុងតែមានចរាចរណ៍ទៅមក។ គេបានធ្វើរូបទេវតាទាំងនោះពីអំពូលភ្លើងស្តុបផ្លិបភ្លែតៗ។ នេះជាការតាំងលម្អដ៏អស្ចារ្យបំផុត សម្រាប់ពិធីបុណ្យណូអែល ដែលខ្ញុំធ្លាប់បានឃើញ។ មិនមែនមានតែខ្ញុំទេ ដែលមានការជាប់ចិត្តនឹងផ្ទាំងទស្សនីយភាពនេះ។ ពេលនោះ មនុស្សរាប់រយនាក់ក៏បានឈរជាជួរនៅលើចិញ្ចើមថ្នល់ គយគន់ដោយចិត្តស្ងប់ស្ងែងផងដែរ។
ភាពស្ញប់ស្ញែង គឺជាចំណុចកណ្តាលនៃរឿងបុណ្យណូអែល។ ពេលដែលទេវតាលេចមកឲ្យនាងម៉ារាឃើញ ហើយពន្យល់ថា នាងនឹងមានផ្ទៃពោះដោយការអស្ចារ្យ(លូកា ១:២៦-៣៨) ហើយបានលេចមកឲ្យពួកអ្នកគង្វាលចៀមឃើញ ដើម្បីប្រកាស់អំពីការប្រសូត្ររបស់ព្រះយេស៊ូវ(២:៨-២០) ពួកគេម្នាក់ៗបានឆ្លើយតប ដោយការភ័យខ្លាច ការភ្ញាក់ផ្អើល និងស្ញប់ស្ញែង។ ពេលដែលខ្ញុំមើលទៅហ្វូងមនុស្សនៅតាមដងផ្លូវ Regent ខ្ញុំក៏បានឆ្ងល់ថា បើសិនយើងជាអ្នកគង្វាលដែលបានឃើញទេវតាពិតវិញ តើយើងនឹងមានការស្ញប់ស្ញែងប៉ុណ្ណា?
មួយសន្ទុះក្រោយមក ខ្ញុំក៏បានកត់សំគាល់ឃើញរឿងមួយទៀត។ រូបទេវតាខ្លះមានដៃលើកឡើងទៅលើ គឺហាក់ដូចជាកំពុងតែមើលទៅលើ ទៅរកអ្វីមួយអញ្ចឹង។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីក្រុមចម្រៀងទេវតា ដែលបានច្រៀងសរសើរដល់ព្រះយេស៊ូវ(ខ.១៣-១៤) ដែលពួកគេក៏មានការស្ញប់ស្ញែងផងដែរ ពេលដែលពួកគេបានឃើញព្រះអង្គ។
“ទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់”(ហេព្រើរ ១:៣)។ ព្រះយេស៊ូវជាពន្លឺដ៏ភ្លឺចិញ្ចាច ដែលទេវតាទាំងអស់ផ្តោតទៅលើ(ខ.៦)។ បើប្រជាជននៅទីក្រុងឡុងដ៏មមាញឹក បានផ្អាកដំណើររបស់ខ្លួន ដើម្បីមើលការតាំងលម្អដ៏ស្រស់ស្អាត សម្រាប់ពិធីបុណ្យណូអែលទៅហើយ នោះសូមយើងស្រមៃមើលថា យើងនឹងមានភាពស្ញប់ស្ញែងយ៉ាងណា ពេលដែលបានជួបព្រះអង្គមុខទល់នឹងមុខ។—Sheridan Voysey