គ្រួសារ​ជន​ជាតិ​ភីលីពីន​ជា​ច្រើន ចូល​ចិត្ត​ប្រារព្ធ​ពិធី​ពិសេសេ​ៗ ដូច​ជា ពិធី​ខួប​កំណើត មង្គល​ការ ពិធី​បុណ្យ​ទីក្រុង និង​បុណ្យណូអែល​ទ្រង់​ទ្រាយ​ធំ។ ក្នុង​ឱកាស​ពេល​នោះ សមាជិក​គ្រួសារ​ក៏​បាន​អង្គុយ​នៅ​ជុំវិញ​តុ ដែល​មាន​ម្ហូប​អាហារ​ហូរ​ហៀរ។ ពួក​គេ​ក៏​បាន​និយាយ​រឿង ឲ្យ​គ្នា​ស្តាប់​ទៅ​វិញ​ទៅ​មក ហើយ​សើច​ក្អាក​ៗ នឹង​រឿង​កំប្លែង​ចាស់​ៗ ហើយ​បន្ទាប់​ពី​ម្នាក់​ៗ​បាន​បរិភោគ​ឆ្អែត ពួក​គេ​ក៏បាន​ចាប់​ផ្តើម​ច្រៀង​ការ៉ា​អូខេ។ សម្រាប់​ជន​ជាតិ​ភីលីពីន​ជា​ច្រើន ការ​បរិភោគ​អាហារ និង​ច្រៀង​បទ​ចម្រៀង​ពិរោះ​ៗ អាច​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​ក្រៃ​លែង។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៦៣ ស្តេច​ដាវីឌ​បាន​សរសេរ​ថា ទ្រង់​បាន​ឆ្អែត នឹង​អាហារ​ដ៏​បរិបូរ។ សូម​យើង​ស្រមៃ​ថា តើ​គេ​បាន​យក​អាហារ​អ្វី​ខ្លះ​មក​បម្រើ​ស្តេច​ដាវីឌ រៀង​រាល់​ពេល​ញាំ​អាហារ! ប៉ុន្តែ កាល​ស្តេច​ដាវីឌ​និពន្ធ​បទ​ទំនុក​ដំកើង​នេះ ទ្រង់​មិន​បាន​នៅ​ក្នុង​ព្រះ​រាជ​វាំង​ដ៏​សុខ​ស្រួល​នោះ​ទេ​។ តាម​ពិត ទ្រង់​កំពុង​នៅ​វាល​រហោ​ស្ថាន លាក់​ខ្លួន​ពី​ការ​តាម​ប្រម៉ាញ់​របស់​អាប់សាឡំ​ដែល​ជា​បុត្រា​ទ្រង់។ ស្តេច​ដាវីឌ​ឃ្លាន​អាហារ ស្រេក​ទឹក ហើយ​ក៏​មាន​ការ​ហត់​នឿយ​ផង។ ទ្រង់​កំពុង​ប្រឈម​មុខ​ដាក់ពេល​អនាគត​ដែល​មិន​ច្បាស់​លាស់ ​ទ្រង់​អាច​បាត់​ទ្រព្យ​សម្បត្តិ អំណាច និង​គ្រួសារ។​

យើង​អាច​ដឹង​ច្បាស់​ថា ស្ថិត​ក្នុង​បរិបទ​នេះ ​មាន​ការ​អ្វី​ខ្លះ​ដែល​ពិត​ជា​សំខាន់​ចំពោះ​ស្តេច​ដាវីឌ។ ទ្រង់​មិន​ស្រេក​ឃ្លាន​ស្រា​ទំពាំង​បាយ​ជូរ តែ​ស្រេក​ឃ្លាន​រក​ព្រះ​អម្ចាស់​(ខ.១)។ ការ​ស្រេក​ឃ្លាន​អាហារ​របស់​ទ្រង់​ មិន​ខ្លាំង​ដូច​ការ​ស្រេក​ឃ្លាន​ចង់​បាន​ការ​ស្កប់​ចិត្ត ក្នុង​ព្រះ​អម្ចាស់​នោះ​ទេ។ ទ្រង់​យល់​ឃើញ​ថា​ ការ​ស្រឡាញ់​ព្រះ គឺ​ប្រសើរ​លើស​ជីវិត​ទៅ​ទៀត​(ខ.៣)។​

តើ​អ្នក​កំពុង​តែ​ប្រឈម​មុខ​ដាក់​បញ្ហា ឬ​ការ​គំរាម​កំហែង​មក​លើ​សុខ​ភាព ហិរញ្ញ​វត្ថុ ឬ​ទំនាក់​ទំនង​របស់​អ្នក​ឬ​ទេ​? យើង​អាចទុក​ចិត្ត​ព្រះ តាម​គំរូ​ស្តេច​ដាវីឌ ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​អ្វី​ក៏​ដោយ។ ដោយ​សារ​ព្រះ​នៃ​យើង ធំ​ប្រសើរ​លើស​ជីវិត​យើង នោះ​យើង​អាច​បង្វែរ​ចិត្ត​របស់​យើង​មក​រក​ព្រះ​អង្គ ដោយ​បទ​ចម្រៀង​នៃ​ក្តី​អំណរ។— Yna S. Reyes