គ្រួសារជនជាតិភីលីពីនជាច្រើន ចូលចិត្តប្រារព្ធពិធីពិសេសេៗ ដូចជា ពិធីខួបកំណើត មង្គលការ ពិធីបុណ្យទីក្រុង និងបុណ្យណូអែលទ្រង់ទ្រាយធំ។ ក្នុងឱកាសពេលនោះ សមាជិកគ្រួសារក៏បានអង្គុយនៅជុំវិញតុ ដែលមានម្ហូបអាហារហូរហៀរ។ ពួកគេក៏បាននិយាយរឿង ឲ្យគ្នាស្តាប់ទៅវិញទៅមក ហើយសើចក្អាកៗ នឹងរឿងកំប្លែងចាស់ៗ ហើយបន្ទាប់ពីម្នាក់ៗបានបរិភោគឆ្អែត ពួកគេក៏បានចាប់ផ្តើមច្រៀងការ៉ាអូខេ។ សម្រាប់ជនជាតិភីលីពីនជាច្រើន ការបរិភោគអាហារ និងច្រៀងបទចម្រៀងពិរោះៗ អាចនាំមកនូវការពេញចិត្តក្រៃលែង។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ៦៣ ស្តេចដាវីឌបានសរសេរថា ទ្រង់បានឆ្អែត នឹងអាហារដ៏បរិបូរ។ សូមយើងស្រមៃថា តើគេបានយកអាហារអ្វីខ្លះមកបម្រើស្តេចដាវីឌ រៀងរាល់ពេលញាំអាហារ! ប៉ុន្តែ កាលស្តេចដាវីឌនិពន្ធបទទំនុកដំកើងនេះ ទ្រង់មិនបាននៅក្នុងព្រះរាជវាំងដ៏សុខស្រួលនោះទេ។ តាមពិត ទ្រង់កំពុងនៅវាលរហោស្ថាន លាក់ខ្លួនពីការតាមប្រម៉ាញ់របស់អាប់សាឡំដែលជាបុត្រាទ្រង់។ ស្តេចដាវីឌឃ្លានអាហារ ស្រេកទឹក ហើយក៏មានការហត់នឿយផង។ ទ្រង់កំពុងប្រឈមមុខដាក់ពេលអនាគតដែលមិនច្បាស់លាស់ ទ្រង់អាចបាត់ទ្រព្យសម្បត្តិ អំណាច និងគ្រួសារ។
យើងអាចដឹងច្បាស់ថា ស្ថិតក្នុងបរិបទនេះ មានការអ្វីខ្លះដែលពិតជាសំខាន់ចំពោះស្តេចដាវីឌ។ ទ្រង់មិនស្រេកឃ្លានស្រាទំពាំងបាយជូរ តែស្រេកឃ្លានរកព្រះអម្ចាស់(ខ.១)។ ការស្រេកឃ្លានអាហាររបស់ទ្រង់ មិនខ្លាំងដូចការស្រេកឃ្លានចង់បានការស្កប់ចិត្ត ក្នុងព្រះអម្ចាស់នោះទេ។ ទ្រង់យល់ឃើញថា ការស្រឡាញ់ព្រះ គឺប្រសើរលើសជីវិតទៅទៀត(ខ.៣)។
តើអ្នកកំពុងតែប្រឈមមុខដាក់បញ្ហា ឬការគំរាមកំហែងមកលើសុខភាព ហិរញ្ញវត្ថុ ឬទំនាក់ទំនងរបស់អ្នកឬទេ? យើងអាចទុកចិត្តព្រះ តាមគំរូស្តេចដាវីឌ ទោះយើងស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយ។ ដោយសារព្រះនៃយើង ធំប្រសើរលើសជីវិតយើង នោះយើងអាចបង្វែរចិត្តរបស់យើងមករកព្រះអង្គ ដោយបទចម្រៀងនៃក្តីអំណរ។— Yna S. Reyes