នៅថ្ងៃបុណ្យណូអែលដ៏រងារ នៅប្រទេសប៊ែលហ្សិក ក្នុងឆ្នាំ១៩១៤ គេបានឮសម្លេងច្រៀងចេញពីត្រង់សេ ដែលពួកទាហានបានជីក។ គេក៏បានឮបទ “យប់ដ៏សុខសាន្ត” បន្លឺឡើង ជាភាសាអាឡឺម៉ង់ ហើយក្រោយមក ជាភាសាអង់គ្លេស។ មុននោះ ពួកទាហានបានបាញ់ដាក់គ្នាទៅវិញទៅមក តែពេលនោះ ពួកគេបានទម្លាក់អាវុធចុះ ហើយក៏បានចេញពីត្រង់សេ ដើម្បីចាប់ដៃគ្នា ក្នុងតំបន់មានជម្លោះ ដែលនៅចន្លោះពួកគេ ដោយនិយាយសួស្តីណូអែល ទៅកាន់គ្នាទៅវិញទៅមក និងចែកអំណោយឲ្យគ្នាទៅវិញទៅមក តាមលទ្ធភាពរៀងខ្លួន។ ការឈប់បាញ់គ្នាក៏បានបន្តរហូតដល់ថ្ងៃបន្ទាប់ ខណៈពេលដែលពួកទាហានទាំងសងខាងជជែកគ្នាលេង សើចសប្បាយ និងថែមទាំងរៀបចំការប្រកួតបាល់ទាត់ទៀតផង។
បទឈប់បាញ់គ្នា នៅថ្ងៃបុណ្យណូអែល ឆ្នាំ១៩១៤ ដែលបានកើតឡើង នៅសមរភូមិខាងលិច ក្នុងសម័យសង្រ្គាមលោកលើកទី១ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសន្តិភាព ដែលពួកទេវតាបានប្រកាស នៅថ្ងៃបុណ្យណូអែលដំបូងបំផុត កាលពីជាង២ពាន់ឆ្នាំមុន។ មានទេវតាមួយអង្គបានប្រាប់ពួកអ្នកគង្វាលដែលកំពុងមានការភ័យខ្លាចថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១០-១១)។ បន្ទាប់មក ទេវតាមួយហ្វូងក៏បានលេចឡើង ហើយបន្លឺសម្លេងថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៣-១៤)។
ព្រះយេស៊ូវជា “ព្រះអម្ចាស់នៃសន្តិភាព” ដែលបានសង្រ្គោះយើង ឲ្យរួចពីបាប(អេសាយ ៩:៦)។ តាមរយៈការលះបង់របស់ព្រះអង្គ នៅលើឈើឆ្កាង ព្រះអង្គបានប្រទាននូវការអត់ទោសបាប និងការផ្សះផ្សាជាមួយព្រះ ដល់អស់អ្នកដែលទទួលជឿព្រះអង្គ។—James Banks