ពពកនៅពេលព្រឹកបានចុះមកនៅទាបនឹងដីណាស់ ធ្វើឲ្យខ្ញុំមិនអាចមើលទៅឆ្ងាយឃើញច្បាស់ ហើយអាចមើលបានតែពីរបីរយម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ ពេលរសៀលមកដល់ ពពកក៏បានរសាត់ទៅឆ្ងាយ ហើយខ្ញុំក៏បានមើលឃើញកំពូលភ្នំផាយ ភីក ដែលអមសង្ខាង ដោយជួរភ្នំ។ កំពូលភ្នំនេះជាចំណុចសំគាល់ ដែលគេបានស្គាល់ជាងគេ ក្នុងទីក្រុងរបស់ខ្ញុំ។ ស្នាមញញឹមក៏បានលេចឡើង នៅលើផ្ទៃមុខខ្ញុំ។ ខ្ញុំយល់ឃើញថា ភាពស្រស់ស្អាតដែលយើងមើលឃើញនឹងភ្នែក ក៏អាចមានផលប៉ះពាល់មកលើការមើលឃើញខាងវិញ្ញាណរបស់យើងផងដែរ។ ហើយខ្ញុំក៏បាននឹកចាំ អំពីអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានបន្លឺសម្លេងច្រៀងថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា?”(ទំនុកដំកើង ១២១:១)។ ជួនកាល យើងគ្រាន់តែចាំបាច់ត្រូវមើលឲ្យខ្ពស់បន្តិច។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានជញ្ជឹងគិតថា ជំនួយគាត់មកពីណា ប្រហែលមកពីកាលនោះ នៅលើកំពូលភ្នំនៅជុំវិញទឹកដីអ៊ីស្រាអែលមានអាសនារបស់ព្រះដទៃជាច្រើន ហើយច្រើនតែមានចោរព្រៃនៅទីនោះផងដែរ។ ពុំនោះទេ គាត់ប្រហែលជាមើលទៅភ្នំស៊ីយ៉ូន ដែលមានព្រះវិហាររបស់ព្រះនៅទីនោះ ហើយក៏បាននឹកចាំ អំពីព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ដែលជាព្រះនៃសេចក្តីសញ្ញារបស់គាត់(ខ.២)។ ទោះជាយ៉ាងណាក៏ដោយ ពេលយើងថ្វាយបង្គំ ភ្នែកខាងវិញ្ញាណរបស់យើងត្រូវតែមើលទៅព្រះ។ ភ្នែកយើងត្រូវមើលឲ្យខ្ពស់ជាងកាលៈទេសៈរបស់យើង ខ្ពស់ជាងទុក្ខលំបាក និងបញ្ហារបស់យើង ក៏ខ្ពស់ជាងពាក្យសន្យាខ្យល់ របស់ព្រះក្លែងក្លាយ ក្នុងសម័យបច្ចុប្បន្ន។ នោះយើងអាចមើលឃើញព្រះអាទិករ និងព្រះដ៏ប្រោសលោះ ដែលបានហៅចំឈ្មោះយើង។ ព្រះអង្គនឹងថែរក្សាយើង “ក្នុងដំណើរដែលយើងចេញចូលទៅមក ចាប់តាំងពីឥឡូវនេះរៀងតទៅ”(ខ.៨)។—Glenn Packiam