លោកដាវីឌធ្លាប់ត្រូវឪពុកគាត់វាយដំជាលើកដំបូង នៅថ្ងៃខួបកំណើតរបស់គាត់ គម្រប់អាយុ១៧ឆ្នាំ បន្ទាប់ពីគាត់បានធ្វើបែកកញ្ចក់បង្អួចដោយអចេតនា។ លោកដាវីឌថា កាលនោះឪពុកគាត់បានទាត់ធាក់ និងដាល់គាត់ តែក្រោយមក ឪពុកគាត់ក៏បានសុំទោសគាត់។ ឪពុកគាត់ជាអ្នកប្រមឹកស្រា ដែលចូលចិត្តប្រើអំពើហឹង្សា ហើយគាត់កំពុងតែព្យាយាមអស់ពីចិត្ត ដើម្បីកុំឲ្យខ្លួនគាត់ក្លាយជាមនុស្សដូចឪពុកគាត់។
ប៉ុន្តែ លោកដាវីឌបានចំណាយពេលយ៉ាងយូរ ទំរាំតែអាចឈានមកដល់ចំណុចនេះ។ កាលគាត់នៅក្នុងវ័យជំទង់ និងវ័យ២០ឆ្នាំប្លាយ ភាគច្រើនគាត់ជាប់គុក ឬស្ថិតក្នុងការព្យួរទោសដោយមានលក្ខខណ្ឌ ហើយបានចេញចូលមជ្ឈមណ្ឌលផ្តាច់ថ្នាំញៀនជាញឹកញាប់។ ពេលដែលគាត់មានអារម្មណ៍ថា ក្តីសង្ឃឹមរបស់គាត់បានរលាយទាំងស្រុងហើយ គាត់ក៏បានរកឃើញក្តីសង្ឃឹម តាមរយៈទំនាក់ទំនងជាមួយព្រះយេស៊ូវ កាលគាត់នៅមជ្ឈមណ្ឌលព្យាបាល ដែលយកព្រះគ្រីស្ទជាទីមួយ ។
គាត់ថា កាលពីមុន គាត់មានតែភាពអស់សង្ឃឹម តែពេលនេះ គាត់បានធ្វើដំណើរតាមទិសដៅថ្មីមួយ។ ពេលគាត់ភ្ញាក់ពីដំណេកនៅពេលព្រឹក កិច្ចការទីមួយដែលគាត់ធ្វើ គឺគាត់ប្រាប់គេថា គាត់ថ្វាយចិត្តរបស់គាត់ដាច់ដល់ព្រះអង្គ។
ពេលណាយើងចូលមករកព្រះ ដោយជីវិតខ្ទេចខ្ទាំ ទោះដោយសារកំហុសអ្នកដទៃ ឬកំហុសខ្លួនឯងក្តី ព្រះទ្រង់ទទួលយកចិត្តខ្ទេចខ្ទាំរបស់យើង ហើយប្រោសចិត្តយើងឲ្យជា និងថ្មីឡើង។ គឺដូចមានសេចក្តីចែងថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ សេចក្តីស្រឡាញ់ និងព្រះជន្មរបស់ព្រះគ្រីស្ទ រារាំងអតីតកាលរបស់យើង មិនឲ្យកើតឡើងជាថ្មី ដោយប្រទានយើងនូវអនាគតថ្មីមួយ(ខ.១៤-១៥)។ មិនតែប៉ុណ្ណោះ ពេញមួយជីវិតរបស់យើង យើងអាចរកឃើញក្តីសង្ឃឹម និងកម្លាំង ក្នុងការអ្វីដែលព្រះទ្រង់បានធ្វើ និងបន្តធ្វើក្នុងយើង រៀងរាល់ពេល។—Alyson Kieda