កាលពីឆ្នាំ១៩៩៤ ប្រទេសអាហ្វ្រិកខាងត្បូង ធ្វើការផ្លាស់ប្តូររបបនយោបាយ ពីរដ្ឋាភិបាលដែលដឹកនាំដោយគោលនយោបាយរើសអើងពូជសាសន៍ ទៅជារដ្ឋាភិបាលប្រជាធិបតេយ្យ។ ពេលនោះ ប្រទេសនេះប្រឈមមុខដាក់សំណួរដ៏ពិបាកមួយ ដែលបានចោទសួរថា តើពួកគេត្រូវលើកយកឧក្រិដ្ឋកម្ម ក្នុងសម័យបែងចែកពូជសាសន៍ មកនិយាយដោយរបៀបណា។ អ្នកដឹកនាំប្រទេសនេះមិនអាចព្រងើយកន្តើយចំពោះអតីតកាលឡើយ ប៉ុន្តែ ការដាក់ទោសធ្ងន់ធ្ងរមកលើអ្នកដែលមានកំហុស គឺជាការប្រថុយនឹងការធ្វើឲ្យប្រទេសនេះមានរបួសកាន់តែជ្រៅ។ លោកដេសមុន ទូទូ(Desmond Tutu) ជាជនជាតិស្បែកខ្មៅទីមួយ ដែលបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់របស់និកាយអង់គ្លីខិន នៅប្រទេសអាហ្វ្រិកខាងត្បូង។ ក្នុងសៀវភៅ ដែលគាត់បាននិពន្ធ មានចំណងជើងថា យើងមិនអាចចូលទៅក្នុងពេលអនាគត ដោយគ្មានការអត់ឱនទោស គាត់បានមានប្រសាសន៍ថា “យើងអាចមានយុត្តិធម៌ គឺយុត្តិធម៌ដែលដាក់ទោស ឲ្យសមនឹងកំហុស តែប្រទេសអាហ្រ្វិកខាងត្បូងនឹងត្រូវវិនាសមិនខាន”។
តាមរយៈការបង្កើតគណៈកម្មការនៃសេចក្តីពិត និងការផ្សៈផ្សា ប្រទេសប្រជាធិប្បតេយ្យថ្មីមួយនេះ ក៏បានជ្រើសរើសយកផ្លូវដ៏ពិបាក នៅក្នុងការដេញតាមសេចក្តីពិត យុត្តិធម៌ និងសេចក្តីមេត្តា។ គេបានផ្តល់ឱកាសឲ្យអ្នកដែលមានទោសពីបទឧក្រិដ្ឋ មានផ្លូវឆ្ពោះទៅរកការស្តារឡើងវិញ បើសិនជាពួកគេស្ម័គ្រចិត្តចូលមកសារភាព ហើយព្រមសងជម្ងឺចិត្ត។ ទាល់តែគេប្រឈមមុខដាក់សេចក្តីពិត ដោយចិត្តក្លាហាន ទើបប្រទេសគេចាប់ផ្តើមធូរស្រាល ឡើងវិញ។
សោកនាដកម្មរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឆ្លុះបញ្ចាំង អំពីបញ្ហាមួយ ដែលយើងរាល់គ្នាសុទ្ធតែជួបប្រទះ។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យដេញតាមសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តា(មីកា ៦:៨) ប៉ុន្តែ ជាញឹកញាប់ គេច្រើនតែមានការយល់ច្រឡំថា សេចក្តីមេត្តា គឺជាការបណ្តោយឲ្យអ្នកខុសរួចខ្លួន ដោយគ្មានការទទួលខុសត្រូវ ហើយគេក៏យល់ច្រឡំថា ការស្វែងរកយុត្តិធម៌ គឺជាការស្វែងរកការសងសឹក។
ផ្លូវឆ្ពោះទៅមុខ គឺជាផ្លូវនៃសេចក្តីស្រឡាញ់ ដែលមិនគ្រាន់តែ “ស្អប់ការអាក្រក់”ប៉ុណ្ណោះទេ(រ៉ូម ១២:៩) តែថែមទាំងស្រេកឃ្លានការផ្លាស់ប្រែ និងសេចក្តីល្អ សម្រាប់ “អ្នកជិតខាង”របស់យើង(១៣:១០)។ តាមរយៈអំណាចរបស់ព្រះវិញ្ញាណព្រះគ្រីស្ទ យើងអាចឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អ(១២:២១)។—Monica La Rose