នៅ​អាមេរិក មាន​ផ្ទះ​ប្រហែល​៣​ម៉ឺន ៤​ពាន់​ខ្នង កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ ដោយសារ​គ្រឹះ​មិន​រឹង​មាំ។ មាន​ក្រុម​ហ៊ុន​ផលិត​ស៊ីម៉ង់​មួយ បាន​ដឹក​ជញ្ជូន​ថ្ម​ចេញ​ពី​កន្លែង​យក​ថ្ម ដោយ​មិន​បាន​ដឹង​ទេ​ថា ថ្ម​ទាំង​នោះ​មាន​ជាតិ​រ៉ែ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ស៊ីម៉ង់ប្រះ​បែក និង​ពុក​ផុយ នៅ​ពេល​ក្រោយ​មក​ទៀត។ គ្រឹះ​របស់​ផ្ទះ​ជិត​៦​រយ​ខ្នង​បាន​បាក់​ស្រុត​រួច​ទៅ​ហើយ ហើយ​ចំនួន​ផ្ទះ​បាក់ស្រុត​ទំនង​ជា​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ខាង​មុខ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​ការ​សង់​ផ្ទះ នៅ​លើ​គ្រឹះ​មិន​រឹង​មាំ ដើម្បី​ពន្យល់ អំពី​គ្រោះ​ថ្នាក់​ដែល​ធ្ងន់​ធ្ងរជាង​នេះ​ទៀត ដែល​កើត​ឡើង ពេល​ដែល​យើង​សង់​ជីវិត​យើង នៅ​លើ​គ្រឹះ​ដែល​ពុក​ផុយ។ ព្រះ​អង្គ​ពន្យល់​ថា ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​សង់​ផ្ទះ​នៅ​លើ​ថ្ម​ដា​ដ៏រឹង​មាំ ដែល​អាច​ធានា​ថា យើង​នឹង​អាច​ឈរ​យ៉ាង​មាំ​មួន ពេល​ដែល​មាន​ខ្យល់​ព្យុះ​ដ៏​កំណាច​បក់​បោក​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​អ្នក​ខ្លះ​ទៀត​បាន​សង់​ជីវិត​ខ្លួន​ឯង នៅ​លើ​ដី​ខ្សាច់ ហើយ​ពេល​ដែលខ្យល់​ព្យុះ​បក់​បោក​មក ជីវិត​ពួក​គេ​ក៏​បាន​រង្គោះ​រង្គើរ ហើយ​ដួល​ចុះ(ម៉ាថាយ ៧:២៧)។ ភាព​ខុស​គ្នា នៃ​ការ​សង់​នៅ​លើ​គ្រឹះ​រឹង​មាំ និង​គ្រឹះ​ដែល​ពុក​ផុយ គឺ​ស្ថិត​នៅ​ត្រង់​ការ​ធ្វើ​តាម ឬ​មិន​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​(ខ.២៦)។  ការ​ស្តាប់​ព្រះ​បន្ទូល​ព្រះ​អង្គ​គឺសំខាន់​ណាស់ ប៉ុន្តែ យើង​ត្រូវ​សួរ​ថា តើ​យើង​បាន​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ​ឬ​ទេ?

មាន​ប្រាជ្ញា​ជា​ច្រើន ដែល​បាន​ផ្តល់​ឲ្យ​យើង ក្នុង​លោកិយ​នេះ ដោយ​បូក​រួម​ទាំង​ការ​ប្រឹក្សា​យោបល់ និង​ជំនួយ​ជា​ច្រើន ហើយ​មាន​ប្រាជ្ញា និង​យោបល់​ជា​ច្រើន ដែល​ល្អ ហើយ​មាន​ប្រយោជន៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​សង់​ជីវិត​យើង នៅ​លើគ្រឹះ​ណា​ផ្សេង ជា​ជាង​ស្តាប់​បង្គាប់​តាម​សេចក្តី​ពិត​របស់​ព្រះ ដោយ​ការ​បន្ទាប​ខ្លួន នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​អញ្ជើញគ្រោះ​ថ្នាក់​ឲ្យ​ចូល​មក​ក្នុង​ជីវិត​យើង​ហើយ។ សរុប​មក ដើម្បី​សង់​ជីវិត​យើង​នៅ​លើ​ថ្ម​ដា យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​តាម​អ្វីដែល​ព្រះ​ទ្រង់​មាន​បន្ទូល ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ​អង្គ។​—Winn Collier