នៅអាមេរិក មានផ្ទះប្រហែល៣ម៉ឺន ៤ពាន់ខ្នង កំពុងប្រឈមមុខនឹងការដួលរលំ ដោយសារគ្រឹះមិនរឹងមាំ។ មានក្រុមហ៊ុនផលិតស៊ីម៉ង់មួយ បានដឹកជញ្ជូនថ្មចេញពីកន្លែងយកថ្ម ដោយមិនបានដឹងទេថា ថ្មទាំងនោះមានជាតិរ៉ែម្យ៉ាង ដែលធ្វើឲ្យស៊ីម៉ង់ប្រះបែក និងពុកផុយ នៅពេលក្រោយមកទៀត។ គ្រឹះរបស់ផ្ទះជិត៦រយខ្នងបានបាក់ស្រុតរួចទៅហើយ ហើយចំនួនផ្ទះបាក់ស្រុតទំនងជានឹងកើនឡើងយ៉ាងឆាប់រហ័ស នៅពេលខាងមុខ។
ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីការសង់ផ្ទះ នៅលើគ្រឹះមិនរឹងមាំ ដើម្បីពន្យល់ អំពីគ្រោះថ្នាក់ដែលធ្ងន់ធ្ងរជាងនេះទៀត ដែលកើតឡើង ពេលដែលយើងសង់ជីវិតយើង នៅលើគ្រឹះដែលពុកផុយ។ ព្រះអង្គពន្យល់ថា ក្នុងចំណោមយើង មានអ្នកខ្លះសង់ផ្ទះនៅលើថ្មដាដ៏រឹងមាំ ដែលអាចធានាថា យើងនឹងអាចឈរយ៉ាងមាំមួន ពេលដែលមានខ្យល់ព្យុះដ៏កំណាចបក់បោកមក។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះទៀតបានសង់ជីវិតខ្លួនឯង នៅលើដីខ្សាច់ ហើយពេលដែលខ្យល់ព្យុះបក់បោកមក ជីវិតពួកគេក៏បានរង្គោះរង្គើរ ហើយដួលចុះ(ម៉ាថាយ ៧:២៧)។ ភាពខុសគ្នា នៃការសង់នៅលើគ្រឹះរឹងមាំ និងគ្រឹះដែលពុកផុយ គឺស្ថិតនៅត្រង់ការធ្វើតាម ឬមិនធ្វើតាមព្រះបន្ទូលព្រះគ្រីស្ទ(ខ.២៦)។ ការស្តាប់ព្រះបន្ទូលព្រះអង្គគឺសំខាន់ណាស់ ប៉ុន្តែ យើងត្រូវសួរថា តើយើងបានអនុវត្តតាមព្រះបន្ទូលព្រះអង្គឬទេ?
មានប្រាជ្ញាជាច្រើន ដែលបានផ្តល់ឲ្យយើង ក្នុងលោកិយនេះ ដោយបូករួមទាំងការប្រឹក្សាយោបល់ និងជំនួយជាច្រើន ហើយមានប្រាជ្ញា និងយោបល់ជាច្រើន ដែលល្អ ហើយមានប្រយោជន៍។ ទោះជាយ៉ាងណាក៏ដោយ បើយើងសង់ជីវិតយើង នៅលើគ្រឹះណាផ្សេង ជាជាងស្តាប់បង្គាប់តាមសេចក្តីពិតរបស់ព្រះ ដោយការបន្ទាបខ្លួន នោះមានន័យថា យើងកំពុងតែអញ្ជើញគ្រោះថ្នាក់ឲ្យចូលមកក្នុងជីវិតយើងហើយ។ សរុបមក ដើម្បីសង់ជីវិតយើងនៅលើថ្មដា យើងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមអ្វីដែលព្រះទ្រង់មានបន្ទូល ដោយពឹងអាងកម្លាំងរបស់ព្រះអង្គ។—Winn Collier