កាល​ខ្ញុំ​កំពុង​រៀន​បើក​បរ​ ក្នុង​ទីក្រុង​ចេនណៃ ប្រទេស​ឥណ្ឌា ខ្ញុំ​បាន​បើក​បរ នៅ​ពេល​ព្រឹក​ព្រលឹម។ ពី​ដំបូង​ខ្ញុំ​មាន​ការ​ភិត​ភ័យ ហើយ​មាន​ពេល​មួយ​នោះ ខ្ញុំ​ក៏​បាន​ស្លន់ ហើយ​ច្រឡំ​ជាន់​ហ្គែរ​ស្មាន​ថា​ហ្វ្រាំង។ ខ្ញុំ​មាន​ការ​កត់​ស្លត់ ពេល​ដែល​ឡាន​កញ្ឆក់​ទៅ​មុខ បន្ទាប់​មក​ក៏​បាន​ឈប់​ទំាង​បង្ខំ។ គ្រូ​បង្រៀន​បាន​ជាន់​ហ្វ្រាំង នៅ​ក្រោម​កៅ​អី​អង្គុយ​របស់​គាត់។ ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លត់ តែ​គ្រូ​បង្រៀន​របស់​ខ្ញុំ​បាន​ឆ្លើយ​តប ដោយ​ចិត្ត​សុភាព។

បទ​គម្ពីរ​ម៉ាកុស ៤:៣៥-៤១ បាន​ពិពណ៌​នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​ផ្ទុំ​ក្នុង​ទូក ក្នុង​ពេល​មាន​ខ្យល់ព្យុះ​បក់​បោក​មក ខណៈពេល​ដែល​ពួកសិស្ស​របស់​ទ្រង់​កំពុង​តែ​ភ័យ​ស្លន់​ស្លោរ។ ពួក​គេ​ក៏បាន​ដាស់​ព្រះ​អង្គ។ ព្រះ​អង្គ​ក៏​បាន​ក្រោក​ឡើង ហើយ​ក៏​បានធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់។​ តើ​ហេតុ​អ្វី​ព្រះ​យេស៊ូវ​មាន​ព្រះ​ទ័យ​ស្ងប់ នៅ​ពេល​ដែល​សិស្ស​ទ្រង់ ខ្លះ​ជា​អ្នក​នេសាទ​ដ៏​ជំនាញ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​យ៉ាង​នេះ?

ព្រះ​យេស៊ូវ​មាន​ព្រះ​ទ័យ​ស្ងប់ ព្រោះ​ព្រះ​អង្គ​មានការគ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​ស្ថាន​ការណ៍​នោះ។ ព្រះ​អម្ចាស់​នៃ​យើង​មានគ្រប់​អំណាច​ចេស្តា ហើយ​ក៏​គ្រប់​គ្រង​មក​លើ​ស្នា​ព្រះ​ហស្ត​ទ្រង់ និង​រាប់​បញ្ចូល​ទាំង​ស្ថាន​ភាព​នីមួយ​ៗ​ដែល​យើង​ជួប​ប្រទះ​ផង​ដែរ។ គ្មាន​ស្ថាន​ភាព​អ្វី​ដែល​ព្រះ​អង្គ​មិន​អាច​គ្រប់​គ្រង​បាន​នោះ​ឡើយ។ ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់(ខ.៣៩) ដូច​នេះ ព្រះ​អង្គ​ក៏​អាច​ជួយ​យើង ក្នុង​ពេល​ដែល​មាន​វិបត្តិ និង​បញ្ហា​ប្រឈម​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ បើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច នោះ​សូម​ចាំ​ថា ព្រះយេស៊ូវ​កំពុង​តែ​គ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​ស្ថាន​ភាព​នោះ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​អាច​ប្រទាន​សន្តិ​ភាព និង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ស្ងប់​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់ខ្យល់​ព្យុះ​នៃ​ជីវិត​ផង​ដែរ។—Ebinezar Mohan