កាលខ្ញុំកំពុងរៀនបើកបរ ក្នុងទីក្រុងចេនណៃ ប្រទេសឥណ្ឌា ខ្ញុំបានបើកបរ នៅពេលព្រឹកព្រលឹម។ ពីដំបូងខ្ញុំមានការភិតភ័យ ហើយមានពេលមួយនោះ ខ្ញុំក៏បានស្លន់ ហើយច្រឡំជាន់ហ្គែរស្មានថាហ្វ្រាំង។ ខ្ញុំមានការកត់ស្លត់ ពេលដែលឡានកញ្ឆក់ទៅមុខ បន្ទាប់មកក៏បានឈប់ទំាងបង្ខំ។ គ្រូបង្រៀនបានជាន់ហ្វ្រាំង នៅក្រោមកៅអីអង្គុយរបស់គាត់។ ខ្ញុំមានអារម្មណ៍តក់ស្លត់ តែគ្រូបង្រៀនរបស់ខ្ញុំបានឆ្លើយតប ដោយចិត្តសុភាព។
បទគម្ពីរម៉ាកុស ៤:៣៥-៤១ បានពិពណ៌នា អំពីការដែលព្រះយេស៊ូវផ្ទុំក្នុងទូក ក្នុងពេលមានខ្យល់ព្យុះបក់បោកមក ខណៈពេលដែលពួកសិស្សរបស់ទ្រង់កំពុងតែភ័យស្លន់ស្លោរ។ ពួកគេក៏បានដាស់ព្រះអង្គ។ ព្រះអង្គក៏បានក្រោកឡើង ហើយក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់។ តើហេតុអ្វីព្រះយេស៊ូវមានព្រះទ័យស្ងប់ នៅពេលដែលសិស្សទ្រង់ ខ្លះជាអ្នកនេសាទដ៏ជំនាញ កំពុងតែមានការព្រួយបារម្ភខ្លាំងយ៉ាងនេះ?
ព្រះយេស៊ូវមានព្រះទ័យស្ងប់ ព្រោះព្រះអង្គមានការគ្រប់គ្រងទាំងស្រុងមកលើស្ថានការណ៍នោះ។ ព្រះអម្ចាស់នៃយើងមានគ្រប់អំណាចចេស្តា ហើយក៏គ្រប់គ្រងមកលើស្នាព្រះហស្តទ្រង់ និងរាប់បញ្ចូលទាំងស្ថានភាពនីមួយៗដែលយើងជួបប្រទះផងដែរ។ គ្មានស្ថានភាពអ្វីដែលព្រះអង្គមិនអាចគ្រប់គ្រងបាននោះឡើយ។ ព្រះអង្គអាចធ្វើឲ្យខ្យល់ព្យុះស្ងប់(ខ.៣៩) ដូចនេះ ព្រះអង្គក៏អាចជួយយើង ក្នុងពេលដែលមានវិបត្តិ និងបញ្ហាប្រឈមផងដែរ។
សព្វថ្ងៃនេះ បើអ្នកស្ថិតក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច នោះសូមចាំថា ព្រះយេស៊ូវកំពុងតែគ្រប់គ្រងទាំងស្រុងមកលើស្ថានភាពនោះ។ ព្រះអង្គមិនគ្រាន់តែអាចប្រទានសន្តិភាព និងធ្វើឲ្យចិត្តអ្នកស្ងប់ប៉ុណ្ណោះឡើយ តែថែមទាំងជួយអ្នកឲ្យឆ្លងកាត់ខ្យល់ព្យុះនៃជីវិតផងដែរ។—Ebinezar Mohan