ការដាំដុះមានការពិបាក នៅក្នុងតំបន់ដែលខ្វះខាតទឹកសាប។ ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Seawater Greenhouse ក៏បានធ្វើការច្នៃបង្កើតថ្មីមួយ គឺផលិត “ផ្ទះត្រជាក់” ក្នុងប្រទេសសូម៉ាលី នៅទី្វបអាហ្វ្រិក និងក្នុងប្រទេសដទៃទៀត ដែលមានអាកាសធាតុស្រដៀងគ្នា។ ផ្ទះត្រជាក់ទាំងនោះប្រើម៉ាស៊ីនបូមទឹកសមុទ្រ ដែលប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីច្រោះទឹក នឹងជញ្ជាំង ដែលផលិតពីក្រដាស់ក្រាស់ៗ ដែលត្រូវបានបត់ជាច្រើនផ្នត់។ ពេលដែលទឹកសមុទ្រឆ្លងកាត់បន្ទះចម្រោះនីមួយៗ វាក៏បានបន្សល់ទុកនូវអំបិល។ ទឹកស្អាតដែលនៅសល់ជាច្រើន ក្នុងអគារនោះ ក៏បានហួត ធ្វើឲ្យកន្លែងនោះមានសំនើមល្អ មានអំណោយផលដល់ការលូតលាស់របស់បន្លែ និងដើមឈើហូបផ្លែ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់មានបន្ទូលសន្យា តាមរយៈហោរាអេសាយថា ព្រះអង្គ និងធ្វើ “ការថ្មីមួយ” ដោយប្រទាន “ទន្លេក្នុងសមុទ្រខ្សាច់” សម្រាប់រាស្រ្តអ៊ីស្រាអែលពីបុរាណ(អេសាយ ៤៣:១៩)។ ការថ្មីនេះ គឺខុសពីការចាស់ ដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះរាស្រ្តព្រះអង្គ ឲ្យរួចពីកងទ័ពអេស៊ីព្ទ ដោយឲ្យពួកគេឆ្លងកាត់សមុទ្រក្រហម។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ នឹកចាំ អំពីពេលអតីតកាល ប៉ុន្តែ មិនឲ្យពួកគេរាប់វាជាសំខាន់ជាង ការអ្វីដែលព្រះអង្គកំពុងធ្វើ ក្នុងជីវិតពួកគេនោះឡើយ(ខ.១៨)។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់”(ខ.១៩)។
ការក្រឡេកមើល ពេលអតីតកាល អាចជួយឲ្យយើងមានជំនឿ ចំពោះការផ្គត់ផ្គង់របស់ព្រះ តែការបន្តរស់នៅ ជាប់ក្នុងពេលអតីតកាល អាចធ្វើឲ្យភ្នែកយើងងងឹត មើលមិនឃើញការថ្មីៗ ដែលព្រះវិញ្ញាណរបស់ព្រះធ្វើ នៅថ្ងៃនេះ។ យើងអាចទូលសូមព្រះ ឲ្យបង្ហាញយើង អំពីរបៀបដែលព្រះអង្គកំពុងតែធ្វើការ ដោយជួយ និងកសាងឡើងវិញ ហើយទ្រទ្រង់រាស្រ្តរបស់ព្រះអង្គ។ សូមឲ្យការនេះជំរុញយើង ឲ្យធ្វើការជាមួយព្រះអង្គ ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ ដែលនៅជិតឆ្ងាយ។—Jennifer Benson Schuldt