មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ​សារុន(Sharon) បាន​លាចាក​លោក មុន​មែលីសា(Melissa) ១ឆ្នាំ ដែល​មែលីសា​ជា​កូន​ស្រី​របស់​លោក​ដេវ(Dave) ។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។ នៅ​ពេល​យប់​មួយ​នោះ ខ្ញុំ​បាន​យល់សប្តិ​ឃើញ​សារុន និង​មែលីសា ជជែកគ្នា ដោយ​សម្លេង​សើច​ក្អឹក​ៗ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ចង​ព្យួរ​រំយោល ក្នុង​សាលជប់​លៀង​ធំ​មួយ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នឹង​ខ្ញុំ ដែល​កំពុង​តែ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​បន្ទប់​នោះ។ ខ្ញុំ​ក៏​បាន​ឃើញ​តុ​វែងមួយ មាន​កម្រាល​តុ​ពណ៌​ស និង​មាន​ចាន និង​ពែង​ពណ៌​មាស តម្រៀប​ពី​លើ។ ខ្ញុំ​សួរ​ពួក​គេ តើ​ខ្ញុំ​អាច​ជួយ​តុប​តែង​បាន​ទេ តែ ពួក​គេ​ហាក់​ដូច​ជា​ស្តាប់​ខ្ញុំ​មិន​ឮ ហើយ​ក៏​បាន​បន្ត​ធ្វើ​ការ​ទៀត។

ប៉ុន្តែ បន្ទាប់​មក​សារ៉ុន​ក៏​បាន​និយាយ​ថា “នេះ​ជា​ពិធី​ជប់​លៀង សម្រាប់​មង្គល​ការ​របស់​មែលីសា”។

ខ្ញុំ​ក៏​សួរ​ថា “តើ​កូន​កំលោះ​ជា​នរណា?”

អ្នក​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​ទេ គឺ​គ្រាន់​តែ​ញញឹម ហើយ​មើល​មុខ​គ្នា។

ពេល​ដែល​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​មង្គល​ការ​របស់​កូន​ចៀម និង​កូន​ក្រមុំ​របស់​ទ្រង់ គឺ​នៅ​ពេល​ដែល​ព្រះ​អង្គយាង​ត្រឡប់​មក​វិញ។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​បក​ស្រាយ​ថា ពិធី​ជប់​លៀង​នោះ “ជា​ពិធី​ភោជនីហារ នៃ​មង្គល​ការ​របស់​កូន​ចៀម(១៩:៩)។ លោក​យ៉ូហាន​បាទីស្ទ បាន​នាំ​ពួក​បណ្តាជន​រៀប​ចំ​ខ្លួន សម្រាប់​ការ​យាង​មក​លើក​ទីមួយ​នៃ​ព្រះ​គ្រីស្ទ ដែលគាត់​បាន​ហៅ​ព្រះអង្គ​ថា “កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក”(យ៉ូហាន ១:២៩)។ គាត់​ក៏​បាន​ហៅ​ព្រះ​យេស៊ូវ​ថា “កូន​កំឡោះ” ហើយ​ហៅ​ខ្លួន​គាត់​ថា “មិត្ត​សំឡាញ់”របស់​ទ្រង់ ដែល​កំពុង​រង់​ចាំ​ទ្រង់​(៣:២៩)។

នៅ​ថ្ងៃ​ជប់​លៀង​ដ៏​ធំ​នោះ និង​ក្នុង​ពេល​ដ៏​អស់​កល្បជា​និច្ច យើង​នឹង​បាន​អរ​សប្បាយ​នឹង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះយេស៊ូវ ដែលជា​កូន​កំឡោះ និង​ជា​មួយ​សារ៉ុន និង​មែលីសា ក៏ដូច​ជា​រាស្រ្ត​របស់​ព្រះ​ទំាង​អស់។—Anne Cetas