នៅ​ពេល​ដែល​ខ្ទម​របស់​បុរស​ម្នាក់​ដែល​តាំង​ទី​លំ​នៅ​ ក្នុង​តំបន់​ភ្នំ នៃ​រដ្ឋ​អាឡាស្កា​ត្រូវ​ភ្លើង​ឆេះ គាត់​ក៏​បាន​បាត់​បង់​ជម្រក ហើយ​នៅ​សល់​ស្បៀង​អាហារ​បន្តិច​បន្តួច ក្នុង​រដ្ឋ​ត្រជាក់​បំផុត នៅ​សហ​រដ្ឋ​អាមេរិក ក្នុង​រដូវរងា​រដែល​មាន​ភាព​ត្រជាក់​ខ្លាំង។​ បីសប្តាហ៍​ក្រោយ​មក បុរស​នោះក៏​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ នៅ​ពេល​ដែល​យន្ត​ហោះ​មួយ​គ្រឿង​បាន​ហោះ​ពី​លើ បាន​សង្កេតឃើញ​អក្សរ SOS ធំ​ៗ ដែល​គាត់​បាន​សរសេរ​នឹង​ម្រែង​ភ្លើង នៅ​លើ​កម្រាល​ព្រឹល។

មាន​ពេល​មួយ ដាវីឌ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់ ដោយ​ស្តេច​សូល ​មាន​ព្រះ​ទ័យ​ច្រណែន​ឈ្នានីស បាន​តាម​សម្លាប់​គាត់។​ ដូច​នេះ ​គាត់ក៏​បាន​រត់​គេច​ទៅ​ទីក្រុង​កាថ ដែល​នៅ​ទីនោះ ទ្រង់​បាន​ធ្វើ​ពុត​ជាឆ្កួត ដើម្បី​រក្សា​ជីវិត​គាត់(មើល ១សាំយ៉ូអែល ២១)។ ទាក់​ទង​នឹង​រឿង​នេះ ទ្រង់​ក៏​បាន​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៣៤ ដែល​ក្នុង​នោះ ដាវីឌ​បាន​អធិស្ឋាន​ស្រែក​រក​ព្រះ ហើយ​ក៏​រក​ឃើញ​សន្តិ​ភាព​(ខ.៤,៦)។ ព្រះ​ទ្រង់​ក៏​បាន​ស្តាប់​ឮ​ពាក្យ​ទូល​អង្វររបស់​គាត់ ហើយ​ក៏​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់​នោះ។

តើ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​អស់​សង្ឃឹម ហើយ​កំពុង​តែ​ស្រែក​រក​ជំនួយ​ឬ? សូម​យើង​ចាំ​ថា ព្រះ​ទ្រង់​តែង​តែ​ស្តាប់​ឮ ហើយ​ឆ្លើយ​តប​ការ​អធិស្ឋាន​ទូល​អង្វរ​របស់​យើង នៅ​ថ្ងៃ​នេះ។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​ការ​ស្រែក​រក​ជំនួយ​របស់យើង ហើយ​ក៏​ដក​ចេញ​ការ​ភ័យ​ខ្លាច​(ខ.៤) ហើយ​ជួន​កាល ថែម​ទាំង​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បញ្ហា​របស់​យើង​(ខ.៦)។

ព្រះ​គម្ពីរ​បាន​អញ្ជើញ​យើង​ថា “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ”(ទំនុកដកើង ៥៥:២២)។

ពេល​ណា​យើង​ថ្វាយ​ស្ថានភាព​ដ៏​លំបាក​របស់​យើង ដល់​ព្រះ នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ប្រទាន​ជំនួយ​ដែល​យើង​ត្រូវ​ការ។ យើង​នឹង​បាន​សុខ​សាន្ត ក្នុង​ព្រះ​ហស្ត​ដ៏​មាន​អំណាច​របស់​ព្រះ​អង្គ។—Alyson Kieda