នៅពេលដែលខ្ទមរបស់បុរសម្នាក់ដែលតាំងទីលំនៅ ក្នុងតំបន់ភ្នំ នៃរដ្ឋអាឡាស្កាត្រូវភ្លើងឆេះ គាត់ក៏បានបាត់បង់ជម្រក ហើយនៅសល់ស្បៀងអាហារបន្តិចបន្តួច ក្នុងរដ្ឋត្រជាក់បំផុត នៅសហរដ្ឋអាមេរិក ក្នុងរដូវរងារដែលមានភាពត្រជាក់ខ្លាំង។ បីសប្តាហ៍ក្រោយមក បុរសនោះក៏ត្រូវបានគេជួយសង្រ្គោះ នៅពេលដែលយន្តហោះមួយគ្រឿងបានហោះពីលើ បានសង្កេតឃើញអក្សរ SOS ធំៗ ដែលគាត់បានសរសេរនឹងម្រែងភ្លើង នៅលើកម្រាលព្រឹល។
មានពេលមួយ ដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដោយស្តេចសូល មានព្រះទ័យច្រណែនឈ្នានីស បានតាមសម្លាប់គាត់។ ដូចនេះ គាត់ក៏បានរត់គេចទៅទីក្រុងកាថ ដែលនៅទីនោះ ទ្រង់បានធ្វើពុតជាឆ្កួត ដើម្បីរក្សាជីវិតគាត់(មើល ១សាំយ៉ូអែល ២១)។ ទាក់ទងនឹងរឿងនេះ ទ្រង់ក៏បាននិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក ៣៤ ដែលក្នុងនោះ ដាវីឌបានអធិស្ឋានស្រែករកព្រះ ហើយក៏រកឃើញសន្តិភាព(ខ.៤,៦)។ ព្រះទ្រង់ក៏បានស្តាប់ឮពាក្យទូលអង្វររបស់គាត់ ហើយក៏បានរំដោះគាត់ឲ្យរួចពីគ្រោះថ្នាក់នោះ។
តើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ហើយកំពុងតែស្រែករកជំនួយឬ? សូមយើងចាំថា ព្រះទ្រង់តែងតែស្តាប់ឮ ហើយឆ្លើយតបការអធិស្ឋានទូលអង្វររបស់យើង នៅថ្ងៃនេះ។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការស្រែករកជំនួយរបស់យើង ហើយក៏ដកចេញការភ័យខ្លាច(ខ.៤) ហើយជួនកាល ថែមទាំងជួយសង្រ្គោះយើង ឲ្យរួចពីបញ្ហារបស់យើង(ខ.៦)។
ព្រះគម្ពីរបានអញ្ជើញយើងថា “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(ទំនុកដកើង ៥៥:២២)។
ពេលណាយើងថ្វាយស្ថានភាពដ៏លំបាករបស់យើង ដល់ព្រះ នោះយើងអាចទុកចិត្តថា ព្រះអង្គនឹងប្រទានជំនួយដែលយើងត្រូវការ។ យើងនឹងបានសុខសាន្ត ក្នុងព្រះហស្តដ៏មានអំណាចរបស់ព្រះអង្គ។—Alyson Kieda