ក្នុងអំឡុងពេលនៃដំណើរកំសាន្ត ក្រុមគ្រួសារខ្ញុំបានជួបស្ត្រីម្នាក់ ដែលបានស្គាល់គ្រួសាររបស់ស្វាមីខ្ញុំ តាំងពីពេលគាត់នៅក្មេង។ នាងក៏បានមើលទៅស្វាមីខ្ញុំឈ្មោះ អាលែន(Alan) រួចមើលទៅកូនប្រុសយើងឈ្មោះហ្សាវីយ័រ(Xavier)។ នាងថា “កូនមុខដូចប៉ាណាស់។ ភ្នែក និងស្នាមញញឹម ពិតជាដូចគាត់ណាស់”។ ខណៈពេលដែលគាត់មានចិត្តរីករាយ ក្នុងការទទួលស្គាល់ភាពកាត់រកគ្នា រវាងឪពុក និងកូន គាត់ថែមទាំងបានកត់សំគាល់ភាពស្រដៀងគ្នា នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមានភាពដូចគ្នាច្រើន តែកូនប្រុសខ្ញុំ មិនបានកាត់រកស្វាមីខ្ញុំទាំងស្រុងឡើយ។
មានតែព្រះរាជបុត្រានៃព្រះ ព្រះនាមយេស៊ូវទេ ដែលដូចព្រះវរបិតាទាំងស្រុង។ គឺដូចមានសេចក្តីចែងថា ព្រះគ្រីស្ទ “ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក”(កូល៉ុស ១:១៥)។ ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង(ខ.១៦)។ “ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់”(ខ.១៧)។
យើងអាចចំណាយពេលអធិស្ឋាន និងសិក្សាព្រះគម្ពីរប៊ីប ដោយស្វែងយល់អំពីចរិតលក្ខណៈរបស់ព្រះវរបិតា ដោយមើលទៅព្រះយេស៊ូវ ជាព្រះ ដែលបានយកកំណើតជាមនុស្ស។ ព្រះអង្គអញ្ជើញយើង ឲ្យមើលទៅសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានបង្ហាញចេញមកតាមរយៈការអ្វីដែលព្រះអង្គបានធ្វើជាមួយមនុស្ស ដែលមានចែងក្នុងព្រះគម្ពីរ និងក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ កាលណាយើងថ្វាយជីវិតយើងដាច់ដល់ព្រះគ្រីស្ទ ហើយទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចចម្រើនវ័យធំឡើង ក្នុងការស្គាល់ និងទុកចិត្តព្រះវរបិតានៃក្តីស្រឡាញ់របស់យើង។ ព្រះអង្គកែប្រែជីវិតយើង ឲ្យមានចរិកលក្ខណៈដូចព្រះអង្គ ដើម្បីឲ្យយើងអាចរស់នៅថ្វាយព្រះអង្គ។
តើយើងនឹងមានអំណរយ៉ាងណា នៅពេលដែលអ្នកដទៃនិយាយថា យើងមានលក្ខណៈដូចព្រះយេស៊ូវ!—Xochitl Dixon