កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានចំណោយពេលវិស្សមកាលរដូវក្តៅដ៏រីករាយ នៅប្រទេសវេនេហ្ស៊ូអេឡា។ ចំណីអាហារមានភាពឈ្ងុយឆ្ងាញ់ប្លែក ប្រជាជនមានភាពរីករាយ អាកាសធាតុ និងការស្វាគមន៍ក៏ល្អ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលមួយថ្ងៃ ឬពីរថ្ងៃដំបូង ខ្ញុំក៏បានដឹងថា ខ្ញុំ និងមិត្តភក្តិខ្ញុំមានទស្សនៈខុសគ្នា ចំពោះការគ្រប់គ្រងពេលវេលា។ បើយើងមានគម្រោងញំាអាហារថ្ងៃត្រង់ នោះគឺមានន័យថា យើងញាំអាហារនៅចន្លោះម៉ោង ១២ ដល់ ម៉ោង១រសៀល។ ការប្រើពេលវេលា ក្នុងការជួបជុំគ្នា ឬការធ្វើដំណើរ ក៏មានលក្ខណៈដូចនេះផងដែរ ពោលគឺចូលចិត្តប្រើពាក្យប្រហែល គឺមិនប្រើពាក្យដាច់ខាតទេ។ ខ្ញុំក៏បានដឹងថា ការគិតរបស់ខ្ញុំ អំពី “ការធ្វើអ្វីឲ្យទាន់ពេលវេលា” គឺបានទទួលឥទ្ធិពលពីវប្បធម៌ លើសពីអ្វីដែលខ្ញុំបានដឹងទៅទៀត។
យើងម្នាក់ៗសុទ្ធតែបានទទួលឥទ្ធិពល ពីគោលតម្លៃនៃវប្បធម៌ ដែលនៅជុំវិញខ្លួនយើង ដោយភាគច្រើន យើងបានទទួលដោយមិនដឹងខ្លួន។ សាវ័កប៉ុលបានហៅ អំណាចនៃវប្បធម៌នេះថា “លោកិយ”(រ៉ូម ១២:២)។ ត្រង់ចំណុចនេះ “លោកិយ” មិនសំដៅទៅលើផែនដីនោះទេ តែគឺសំដៅទៅលើរបៀបនៃការគិត ដែលមានផលប៉ះពាល់មកលើជីវិតយើង។ គឺសំដៅទៅលើការសន្និដ្ឋាន និងការគិត ដែលគេបានផ្តល់ឲ្យយើង ដោយសារយើងកំពុងតែរស់នៅ ក្នុងទីកន្លែង ឬពេលវេលាណាមួយ។
ត្រង់ចំណុចនេះ សាវ័កប៉ុលបានដាស់តឿនយើង ឲ្យមានការប្រុងប្រយ័ត្ន គឺ “មិនត្រូវត្រាប់តាមលោកិយនេះឡើយ”។ ផ្ទុយទៅវិញ យើងត្រូវតែ “ផ្លាស់ប្រែ ដោយគំនិតបានកែជាថ្មីឡើង”(ខ.២)។ យើងមិនត្រូវទទួលយករបៀបនៃការគិត និងជំនឿដែលបានគ្របដណ្តប់មកលើយើងនោះទេ ផ្ទុយទៅវិញ ព្រះទ្រង់បានត្រាស់ហៅយើងឲ្យដេញតាម របៀបនៃការគិតរបស់ព្រះ និងរៀនយល់ “បំណងព្រះទ័យទ្រង់ ដែលស្រួលទទួល ហើយគ្រប់លក្ខណ៍”(ខ.២)។ ចូរយើងរៀនដើរតាមព្រះ ជាជាងដើរតាមសម្លេងអ្វីផ្សេង។—Winn Collier