កាល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ចំណោយ​ពេល​វិស្សម​កាល​រដូវ​ក្តៅ​ដ៏​រីក​រាយ នៅ​ប្រទេស​វេនេហ្ស៊ូអេឡា។ ចំណី​អាហារ​មាន​ភាព​ឈ្ងុយ​ឆ្ងាញ់​ប្លែក ប្រជា​ជន​មាន​ភាព​រីក​រាយ អាកាស​ធាតុ និង​ការ​ស្វាគមន៍​ក៏​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុងអំឡុង​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ដំបូង ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​មាន​ទស្សនៈ​ខុស​គ្នា ចំពោះ​ការ​គ្រប់​គ្រង​ពេល​វេលា។ បើ​យើង​មាន​គម្រោង​ញំា​អាហារ​ថ្ងៃ​ត្រង់ នោះ​គឺ​មាន​ន័យ​ថា យើង​ញាំ​អាហារ​នៅ​ចន្លោះ​ម៉ោង ១២ ដល់ ម៉ោង១​រសៀល។ ការ​ប្រើ​ពេល​វេលា ក្នុង​ការ​ជួប​ជុំ​គ្នា ឬ​ការ​ធ្វើ​ដំណើរ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ ពោល​គឺ​ចូល​ចិត្ត​ប្រើ​ពាក្យ​ប្រហែល គឺ​មិន​ប្រើពាក្យ​ដាច់​ខាត​ទេ។ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​គិត​របស់​ខ្ញុំ អំពី “ការ​ធ្វើ​អ្វី​ឲ្យ​ទាន់​ពេល​វេលា” គឺ​បាន​ទទួល​ឥទ្ធិ​ពល​ពី​វប្ប​ធម៌ លើស​ពី​អ្វី​ដែល​ខ្ញុំបាន​ដឹង​ទៅ​ទៀត។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិ​ពល ពី​គោល​តម្លៃ​នៃ​វប្ប​ធម៌ ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដោយ​ភាគ​ច្រើន យើង​បាន​ទទួល​ដោយ​មិន​ដឹង​ខ្លួន។ សាវ័ក​ប៉ុល​បាន​ហៅ អំណាច​នៃ​វប្ប​ធម៌​នេះ​ថា “លោកិយ”(រ៉ូម ១២:២)។ ត្រង់​ចំណុច​នេះ “លោកិយ” មិន​សំដៅ​ទៅ​លើផែន​ដី​នោះ​ទេ តែ​គឺ​សំដៅ​ទៅ​លើ​របៀប​នៃ​ការ​គិត ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​យើង។ គឺ​សំដៅ​ទៅ​លើការ​សន្និ​ដ្ឋាន និង​ការ​គិត ដែល​គេ​បាន​ផ្តល់​ឲ្យ​យើង ដោយសារ​យើង​កំពុង​តែ​រស់​នៅ ក្នុង​ទីកន្លែង ឬ​ពេល​វេលា​ណា​មួយ។​

ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន គឺ “មិន​ត្រូវ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ”។ ផ្ទុយ​ទៅវិញ យើង​ត្រូ​វតែ “ផ្លាស់​ប្រែ​ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង”(ខ.២)។ យើង​មិន​ត្រូវ​ទទួល​យក​របៀប​នៃ​ការ​គិត និង​ជំនឿ​ដែលបាន​គ្រប​ដណ្តប់​មក​លើ​យើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ដេញ​តាម របៀប​នៃ​ការ​គិត​របស់​ព្រះ និងរៀន​យល់ “បំណង​ព្រះ​ទ័យ​ទ្រង់ ដែល​ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍”(ខ.២)។ ចូរ​យើង​រៀន​ដើរ​តាម​ព្រះ ជាជាង​ដើរ​តាម​សម្លេង​អ្វី​ផ្សេង។—Winn Collier