អ្នកស្រីនេនស៊ី ហ្គាសតាសុន(Nancy Gustafson) ជាអ្នកចម្រៀងអូប៉េរ៉ា ដែលបានចូលនិវត្តន៍។ នាងមានការស្លុតចិត្ត ពេលដែលបានទៅលេងម្តាយគាត់ ហើយក៏បានសង្កេតឃើញសុខភាពគាត់មានការអន់ថយ ដោយសារជម្ងឺបាត់ការចងចាំ។ ម្តាយរបស់នាងមិនស្គាល់នាង ហើយស្ទើរតែមិនអាចនិយាយកើត។ បន្ទាប់ពីនាងបានទៅលេងគាត់អស់រយៈពេលជាច្រើនខែក្រោយមក នាងក៏មានគំនិតមួយ។ នាងក៏បានចាប់ផ្តើមច្រៀងឲ្យគាត់ស្តាប់។ គាត់ក៏បានបង្ហាញចេញនូវទឹកមុខរីករាយ ពេលដែលឮសម្លេងច្រៀង ហើយក៏បានចាប់ផ្តើមច្រៀងជាមួយនាង អស់២០នាទី។ បន្ទាប់មក ម្តាយរបស់អ្នកស្រីនេនស៊ី ក៏បានសើច ដោយនិយាយកំប្លែងថា គាត់ និងកូនស្រីគាត់ គឺជា “អ្នកចម្រៀងប្រចាំគ្រួសារហ្គាសតាសុន!” អ្នកជំនាញខ្លះបានលើកឡើងថា ការនឹកចំាឡើងវិញតែបន្តិចនេះ គឺបានបង្ហាញថា អំណាចនៃបទចម្រៀង អាចជួយដាស់ការចងចាំដែលបានបាត់បង់ ឲ្យមានឡើងវិញ។ គេក៏បានបង្ហាញផងដែរថា ការច្រៀង “បទចម្រៀងចាស់ៗ ដែលយើងចូលចិត្ត” ក៏ជួយឲ្យមានអារម្មណ៍រីករាយឡើង កាត់បន្ថយការធ្លាក់ទឹកចិត្ត និងកាត់បន្ថយការសង្រ្គោះបន្ទាន់ ហើយកាត់បន្ថយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។
គេបានបន្តការស្រាវជ្រាវជាបន្ថែមទៀត អំពីទំនាក់ទំនងរវាងតន្រ្តី និងការចងចាំ។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញថា ក្តីអំណរ ដែលកើតចេញពីការច្រៀង គឺជាអំណោយទានមកពីព្រះ ហើយនេះជាការពិតមែន។ “ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្តីសរសើរជាការគួរគប្បី”(ទំនុកដំកើង ១៤៧:១)។
តាមពិត ក្នុងព្រះគម្ពីរប៊ីបទាំងមូល ព្រះទ្រង់បានជំរុញឲ្យរាស្រ្តព្រះអង្គលើកសម្លេងឡើង សរសើរដំកើងព្រះអង្គ។ គឺដូចមានសេចក្តីចែងថា “ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការដ៏ប្រសើរ”(អេសាយ ១២:៥)។ “ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្តីកោតខ្លាច ហើយនឹងទុកចិត្តដល់ព្រះយេហូវ៉ាផង”(ទំនុកដំកើង ៤០:៣)។ ការច្រៀងរបស់យើងអាចលើកទឹកចិត្តយើង និងអ្នកដែលស្តាប់យើងច្រៀង។ ចូរយើងចាំថា ព្រះនៃយើងធំប្រសើរ ហើយសក្តិសមនឹងទទួលការសរសើរ។—Patricia Raybon