នៅ​ចុង​សតវត្សរ៍​ទី​១៧ ស្តេច​វីលៀម អហ្វ អូរេញ(William of Orange) មាន​ចេតនា​ធ្វើ​ឲ្យ​ទឹក​ដី​របស់​ទ្រង់​មួយ​ភាគ​ធំ ត្រូវទឹក​ជន់​លិច។ ក្សត្រ​នៃ​ប្រទេស​ហូឡង់​អង្គ​នេះ​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់​នេះ ដើម្បី​បណ្តេញ​កង​ទ័ព​អេស្ប៉ាញ​ដែល​កំពុង​ឈ្លាន​ពាន​ទឹក​ដី​ទ្រង់។ ទ្រង់​មិន​បាន​ទទួល​ជោគ​ជ័យ​ឡើយ ហើយ​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ត្រូវបាន​ទឹក​សមុទ្រ​ជន់​លិច​អស់។​ គេ​ក៏​បាន​និយាយ​ថា “ពេល​ទាល់​ច្រក នាំ​ឲ្យ​មនុស្ស​សម្រេច​ចិត្ត​ប្រើ​ដំណោះ​ស្រាយ​បែប​ទាល់ច្រក”។

នៅ​សម័យ​ហោរា​អេសាយ ទីក្រុង​យេរូសាឡិម​បាន​សម្រច​ចិត្ត​ប្រើ​ដំណោះ​ស្រាយ​បែប​ទាល់​ច្រក ពេល​ដែល​កង​ទ័ព​របស់សាសន៍​អាស៊ើ​បាន​គម្រាម​កំហែង​មក​លើ​ពួក​គេ។​ ពួក​គេ​បាន​បង្កើត​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក ដើម្បី​ទប់​ទល់​នឹង​ការ​ឡោម​ព័ទ្ធ​របស់សត្រូវ ដោយ​ប្រជាជន​បាន​ផ្តួល​រំលំ​ផ្ទះ​ជា​ច្រើន​ខ្នង ដើម្បី​ជីក​ស្រះ​ជាប់​នឹង​កំផែង​ក្រុង។ ពួក​គេ​ប្រហែល​ជា​បាន​គិត​ដិត​ដល់ណាស់ មុន​សម្រេច​ជ្រើស​រើស​យក​ផ្លូវ​មួយ​នេះ ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ជំហាន​ដែល​សំខាន់​បំផុត។​ គឺ​ដូច​ដែល​ព្រះ​អម្ចាស់​មានបន្ទូល​ថា “ឯង​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្តាល​កំផែង​ទាំង​២ សំរាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ​ឯង​មិន​បាន​ពឹងពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ទ្រង់​ដែល​បាន​សំរេច​ការ​នេះ​ជា​យូរ​មក​ហើយ នោះ​ទេ”(អេសាយ ២២:១១)។

យើង​មិន​ទំនង​ជា​មាន​សត្រូវ ដែល​មក​ឡោម​ព័ទ្ធ​ផ្ទះ​របស់​យើង​ឡើយ។ លោក​អូស៊្វល ឆេមបឺ(Oswald Chambers) បានមាន​ប្រសាសន៍​ថា​ “ការ​វាយ​ប្រហារ​តែង​តែ​កើត​មាន ជា​ធម្មតា និង​តាម​រយៈ​មនុស្ស​ធម្មតា”។ ប៉ុន្តែ ការ​វាយ​ប្រហារ​ដូច​នេះ គឺជា​ការ​គំរាម​កំហែង​ពិត​ប្រាកដ។ តែ​អរ​គុណ​ព្រះ​អង្គ ការ​វាយ​ប្រហារ​នោះ គឺ​ជា​ឱកាស សម្រាប់​ឲ្យ​យើង​ងាកមក​រក​ព្រះ​អង្គ​ជាទីមួយ ដើម្បី​ទូល​សូម​អ្វី​ដែល​យើង​ត្រូវ​ការ។

ពេល​ណា​ការ​រំខាន​ក្នុង​ជីវិត​កើត​មាន​ចំពោះ​យើង តើ​យើង​នឹង​ប្រើ​វា​ជា​ឱកាស ដើម្បី​ងាក​មក​រក​ព្រះ​ឬ​ទេ? ពុំ​នោះ​ទេ តើ​យើងនឹង​ស្វែង​រក​ដំណោះ​ស្រាយ បែប​ទាល់​ច្រក ដោយ​ខ្លួន​ឯង​ឬ?—Tim Gustafson