អ្នក​ស្រី​នេនស៊ី ហ្គាសតាសុន(Nancy Gustafson) ជា​អ្នក​ចម្រៀង​អូប៉េរ៉ា ដែល​បាន​ចូល​និវត្តន៍។ នាង​មាន​ការ​ស្លុត​ចិត្ត ពេល​ដែល​បាន​ទៅ​លេង​ម្តាយ​គាត់ ហើយ​ក៏​បាន​សង្កេត​ឃើញ​សុខ​ភាព​គាត់​មាន​ការ​អន់​ថយ ដោយ​សារ​ជម្ងឺ​បាត់​ការ​ចង​ចាំ។ ម្តាយ​របស់​នាង​មិន​ស្គាល់​នាង ហើយ​ស្ទើរ​តែ​មិន​អាច​និយាយ​កើត​។​ បន្ទាប់​ពី​នាង​បាន​ទៅ​លេង​គាត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែក្រោយ​មក នាង​ក៏​មាន​គំនិត​មួយ​។ នាង​ក៏​បាន​ចាប់​ផ្តើម​ច្រៀង​ឲ្យ​គាត់​ស្តាប់។​ គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ទឹក​មុខ​រីក​រាយ ពេលដែល​ឮ​សម្លេង​ច្រៀង ហើយ​ក៏​បាន​ចាប់​ផ្តើម​ច្រៀង​ជា​មួយ​នាង អស់​២០​នាទី។​ បន្ទាប់​មក ម្តាយ​របស់​អ្នក​ស្រី​នេនស៊ី ក៏​បាន​សើច ដោយ​និយាយ​កំប្លែង​ថា គាត់ និង​កូន​ស្រី​គាត់ គឺ​ជា “អ្នក​ចម្រៀង​ប្រចាំ​គ្រួសារ​ហ្គាសតាសុន!” អ្នក​ជំនាញ​ខ្លះ​បាន​លើកឡើង​ថា ការ​នឹក​ចំា​ឡើង​វិញ​តែ​បន្តិច​នេះ គឺ​បាន​បង្ហាញ​ថា អំណាច​នៃ​បទ​ចម្រៀង អាច​ជួយ​ដាស់​ការ​ចង​ចាំ​ដែល​បាន​បាត់​បង់ ឲ្យ​មាន​ឡើង​វិញ។ គេក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ច្រៀង “បទ​ចម្រៀង​ចាស់​ៗ ដែល​យើង​ចូល​ចិត្ត” ក៏​ជួយ​ឲ្យ​មាន​អារម្មណ៍​រីក​រាយ​ឡើង កាត់​បន្ថយ​ការ​ធ្លាក់​ទឹក​ចិត្ត និង​កាត់​បន្ថយ​ការ​សង្រ្គោះ​បន្ទាន់ ហើយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​។

គេ​បាន​បន្ត​ការ​ស្រាវ​ជ្រាវ​ជា​បន្ថែម​ទៀត អំពី​ទំនាក់​ទំនង​រវាង​តន្រ្តី និង​ការ​ចង​ចាំ។​ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ក្តី​អំណរ ដែលកើត​ចេញ​ពី​ការ​ច្រៀង គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ហើយ​នេះ​ជា​ការ​ពិត​មែន។ “ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ការ​ដែលច្រៀង​សរសើរ ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង សេចក្តី​សរសើរ​ជា​ការ​គួរ​គប្បី”(ទំនុកដំកើង ១៤៧:១)។

តាម​ពិត ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល ព្រះ​ទ្រង់​បាន​ជំរុញ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​លើក​សម្លេង​ឡើង សរសើរ​ដំកើង​ព្រះ​អង្គ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ប្រសើរ”(អេសាយ ១២:៥)។ “ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ គឺ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ មនុស្ស​ជា​ច្រើន​នឹង​ឃើញ ព្រម​ទាំង​មាន​សេចក្តី​កោតខ្លាច ហើយ​នឹង​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា​ផង”(ទំនុកដំកើង ៤០:៣)។ ការ​ច្រៀង​របស់​យើង​អាច​លើក​ទឹក​ចិត្ត​យើង និង​អ្នក​ដែល​ស្តាប់​យើង​ច្រៀង។ ចូរ​យើង​ចាំ​ថា​ ព្រះ​នៃ​យើង​ធំ​ប្រសើរ ហើយ​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ។—Patricia Raybon