ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិលអាមេរិក ទាហានដែលរត់ចោលជួរ ត្រូវទទួលទោសប្រហារជីវិត។ ប៉ុន្តែ កងទ័ពសហព័ន្ធកម្រនឹងកាត់ទោសប្រហារជីវិតទាហានរត់ចោលជួរណាស់ ព្រោះលោកអ័ប្រាហាំ លីនខិន(Abraham Lincoln) ដែលជាប្រធានាធិបតី និងអគ្គបញ្ជាការកងទ័ព បានលើកលែងទោសឲ្យពួកគេស្ទើរតែគ្រប់គ្នា។ រឿងនេះបានធ្វើឲ្យលោក អេឌវីន ស្ទែនតុន(Edwin Stanton) ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិ មានការខឹងសម្បា ព្រោះគាត់ជឿថា ការលើកលែងទោសឲ្យមនុស្សច្រើនយ៉ាងនេះ គ្រាន់តែអាចនាំឲ្យមានទាហានកាន់តែច្រើនចង់រត់ចោលជួរ។ ប៉ុន្តែ លោកលីនខិន មានការអាណិតចំពោះពួកទាហាន ដែលបាក់ស្មារតី ដោយត្រូវការភ័យខ្លាចគ្របសង្កត់ ក្នុងសមរភូមិដ៏ក្តៅគគុក។ ហើយការអាណិតរបស់គាត់ បានធ្វើឲ្យពួកកងទ័ពស្រឡាញ់គាត់យ៉ាងខ្លាំង។ ពួកគេស្រឡាញ់លោកអ័ប្រាហាំ លីនខិន ដូចឪពុក ហើយក្តីស្រឡាញ់នេះបាននាំឲ្យពួកគេចង់បម្រើគាត់ កាន់តែខ្លាំង។
ពេលដែលសាវ័កប៉ុលលើកទឹកចិត្តលោកធីម៉ូថេ ឲ្យ “ទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទ”(២ធីម៉ូថេ ២:៣) គាត់ហៅគាត់ ឲ្យបំពេញតូនាទីដ៏ពិបាក។ ទាហានត្រូវមានការប្តូរផ្តាច់ទាំងស្រុង ខិតខំធ្វើការ ហើយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ គាត់ត្រូវបម្រើព្រះយេស៊ូវដែលជាមេបញ្ជាការ ដោយអស់ពីចិត្ត។ ប៉ុន្តែ តាមពិត ជួនកាល យើងខកខានមិនបានធ្វើជាទាហានដ៏ល្អ។ យើងមិនតែងតែបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់នោះឡើយ។ ដូចនេះហើយ សាវ័កប៉ុលបានកំឡាចិត្តយើងថា “ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.១)។ ព្រះអង្គសង្រ្គោះនៃយើងមានពេញដោយព្រះគុណ។ ព្រះអង្គអាណិត ចំពោះសេចក្តីកម្សោយរបស់យើង ហើយក៏អត់ទោសបាបឲ្យយើង(ហេព្រើរ ៤:១៥)។ ដែលកងទ័ពសហព័ន្ធមានការលើកទឹកចិត្ត ដោយសារក្តីអាណិតរបស់លោកលីនខិន ជាយ៉ាងណា នោះយើងដែលជាអ្នកជឿព្រះ ក៏មានកម្លាំងឡើង ដោយព្រះគុណព្រះយេស៊ូវផងដែរ។ យើងចង់បម្រើព្រះអង្គកាន់តែខ្លាំង ព្រោះយើងដឹងថា ព្រះអង្គអាណិតស្រឡាញ់យើង។—Con Campbell