ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក ទាហាន​ដែល​រត់​ចោល​ជួរ ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ប៉ុន្តែ កង​ទ័ព​សហព័ន្ធ​កម្រ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​ទាហាន​រត់​ចោល​ជួរ​ណាស់ ព្រោះ​លោក​អ័ប្រាហាំ លីនខិន(Abraham Lincoln) ដែល​ជាប្រធានាធិបតី និង​អគ្គបញ្ជា​ការ​កងទ័ព បាន​លើក​លែង​ទោស​ឲ្យ​ពួក​គេ​ស្ទើរ​តែ​គ្រប់​គ្នា។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​លោក អេឌវីន ស្ទែនតុន(Edwin Stanton) ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ មាន​ការ​ខឹង​សម្បា ព្រោះ​គាត់​ជឿ​ថា  ការ​លើក​លែង​ទោស​ឲ្យមនុស្ស​ច្រើន​យ៉ាង​នេះ គ្រាន់​តែ​អាច​នាំ​ឲ្យ​មាន​ទាហាន​កាន់​តែ​ច្រើន​ចង់​រត់​ចោល​ជួរ។​ ប៉ុន្តែ លោក​លីនខិន មាន​ការ​អាណិត​ចំពោះ​ពួក​ទាហាន ដែល​បាក់​ស្មារតី ដោយ​ត្រូវ​ការ​ភ័យ​ខ្លាច​គ្របសង្កត់ ក្នុង​សមរ​ភូមិ​ដ៏​ក្តៅ​គគុក។ ហើយ​ការ​អាណិត​របស់គាត់ បាន​ធ្វើ​ឲ្យ​ពួក​កង​ទ័ព​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង។​ ពួក​គេ​ស្រឡាញ់​លោក​អ័ប្រាហាំ លីនខិន ដូច​ឪពុក ហើយ​ក្តី​ស្រឡាញ់នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ចង់​បម្រើ​គាត់ កាន់​តែ​ខ្លាំង។

ពេល​ដែល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ “​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​”(២ធីម៉ូថេ ២:៣) គាត់​ហៅ​គាត់ ឲ្យ​បំពេញ​តូនាទី​ដ៏​ពិបាក។ ទាហាន​ត្រូវ​មាន​ការ​ប្តូរ​ផ្តាច់​ទាំង​ស្រុង ខិត​ខំ​ធ្វើ​ការ ហើយ​មិន​គិតប្រយោជន៍​ផ្ទាល់​ខ្លួន។ គាត់​ត្រូវ​បម្រើ​ព្រះ​យេស៊ូវ​ដែល​ជា​មេ​បញ្ជា​ការ ដោយ​អស់​ពី​ចិត្ត។ ប៉ុន្តែ តាម​ពិត ជួន​កាល យើង​ខក​ខានមិន​បាន​ធ្វើ​ជា​ទាហាន​ដ៏​ល្អ។ យើង​មិន​តែង​តែ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់​នោះ​ឡើយ។ ដូច​នេះ​ហើយ សាវ័ក​ប៉ុល​បានកំឡា​ចិត្ត​យើង​ថា “ចូរ​មាន​កំឡាំង​ឡើង​ដោយសារ​ព្រះគុណ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ”(ខ.១)។ ព្រះ​អង្គ​សង្រ្គោះ​នៃ​យើងមាន​ពេញ​ដោយ​ព្រះ​គុណ។ ព្រះ​អង្គ​អាណិត ចំពោះ​សេចក្តី​កម្សោយ​របស់​យើង ហើយ​ក៏​អត់​ទោស​បាប​ឲ្យ​យើង​(ហេព្រើរ ៤:១៥)។ ដែល​កង​ទ័ព​សហព័ន្ធ​មាន​ការ​លើក​ទឹក​ចិត្ត ដោយ​សារ​ក្តី​អាណិត​របស់​លោក​លីន​ខិន ជា​យ៉ាង​ណា នោះ​យើង​ដែល​ជាអ្នក​ជឿ​ព្រះ ក៏​មាន​កម្លាំង​ឡើង ដោយ​ព្រះ​គុណ​ព្រះ​យេស៊ូវ​ផង​ដែរ។ យើង​ចង់​បម្រើ​ព្រះ​អង្គ​កាន់​តែ​ខ្លាំង ព្រោះ​យើង​ដឹង​ថា ព្រះអង្គ​អាណិត​ស្រឡាញ់​យើង។—Con Campbell