ក្នុងពេលដែលយើងទទួលបរាជ័យធ្ងន់ធ្ងរបំផុត យើងងាយនឹងជឿថា អ្វីៗបានហួសពេល ហើយយើងបានបាត់បង់ឱកាសរស់នៅ ដោយមានគោលបំណង និងតម្លៃ។ លោកអេលាស(Elias) ដែលជាអតីតអ្នកទោស នៅមន្ទីរឃុំឃាំងអតិបរមា នៅទីក្រុងញ៉ូយ៉ក បានពិពណ៌នាថា គាត់ធ្លាប់មានអារម្មណ៍ដូចនេះឯង ពេលគាត់ក្លាយជាអ្នកទោស។ គាត់ថា “ខ្ញុំមិនអាចធ្វើ តាមការសន្យារបស់ខ្ញុំ គឺការសន្យាសម្រាប់ពេលអនាគត ការសន្យា អំពីការអ្វីដែលខ្ញុំអាចធ្វើ”។
ជីវិតរបស់លោកអេលាស ក៏បានចាប់ផ្តើមមានការផ្លាស់ប្តូរ តាមរយៈកម្មវិធីសិក្សាសម្រាប់អ្នកទោស កំរិតបរិញ្ញា របស់មហាវិទ្យាល័យបាដ។ ក្នុងអំឡុងពេល ដែលគាត់កំពុងចូលរួមក្នុងកម្មវិធីនេះ គាត់ក៏បានចូលរួមក្នុងក្រុមជជែកដេញដោល នៅឆ្នាំ២០១៥ ហើយក៏បានជជែកឈ្នះក្រុមនិស្សិតមកពីមហាវិទ្យាល័យហាវើត។ សម្រាប់លោកអេលាស ការចូលរួមក្នុងក្រុមនេះ បានបង្ហាញថា ការសន្យាទាំងនោះមិនទាន់បានបាត់បង់ទាំងស្រុងនោះទេ។
ការផ្លាស់ប្រែស្រដៀងនេះក៏កើតមានក្នុងចិត្តយើងផងដែរ ពេលណាយើងដឹងថា ដំណឹងល្អនៃក្តីស្រឡាញ់របស់ព្រះ ក្នុងព្រះយេស៊ូវ គឺជាដំណឹងល្អសម្រាប់យើងផងដែរ។ ពេលនោះ យើងក៏ចាប់ផ្តើមដឹងថា អ្វីៗមិនទាន់យឺតពេលទេ។ ព្រះទ្រង់នៅតែមានពេលអនាគតសម្រាប់យើង។
ហើយវាជាពេលអនាគត ដែលយើងមិនអាចរកបានដោយកម្លាំងរបស់យើង ឬបោះបង់ចោលនោះឡើយ តែពឹងផ្អែកទៅលើព្រះគុណ និងអំណាចដ៏ហូរហៀររបស់ព្រះ(២ពេត្រុស ១:២-៣)។ គឺពេលអនាគត ដែលយើងបានរួចពីភាពអស់សង្ឃឹម ក្នុងលោកិយនេះ ហើយក្នុងចិត្តយើង មានពេញដោយ “សិរីល្អ និងសេចក្តីល្អ”របស់ព្រះអង្គ(ខ.៣)។ គឺពេលអនាគត ដែលជាប់ក្នុងព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ទ ដែលមិននឹកស្មានដល់(ខ.៤) និងពេលអនាគត ដែលផ្លាស់ប្រែ ចូលទៅក្នុង “សេរីភាព និងសិរីល្អនៃកូនរបស់ព្រះ”(រ៉ូម ៨:២១)។—Monica La Rose