កាលនៅពីក្មេង លោកប្រ៊ូស វែរ(Bruce Ware) ដែលជាអ្នកទេវសាស្រ្ត មានចិត្តនឿយណាយ ពេលដែលគាត់បានអានបទគម្ពីរ ១ពេត្រុស ២:២១-២៣ ដែលបានត្រាស់ហៅយើង ឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ក្នុងសៀវភៅ ដែលលោកវែរបាននិពន្ធ មានចំណងជើងថា ព្រះគ្រីស្ទយេស៊ូវ គាត់បានសរសេរ អំពីអារម្មណ៍នឿយណាយរបស់គាត់ ក្នុងវ័យយុវជនយ៉ាងដូចនេះថា កាលនោះ គាត់គិតថា គាត់មិនអាចធ្វើតាមខគម្ពីរនេះបានទេ ជាពិសេស នៅពេលដែលខគម្ពីរនេះបានប្រាប់ឲ្យយើង ឲ្យយកគំរូតាម ព្រះដែលមិនធ្លាប់ធ្វើអំពើបាប។ គាត់ថា រឿងនេះពិតជាចម្លែកណាស់ គាត់មិនជឿថា គាត់អាចធ្វើតាមខគម្ពីរនេះបានឡើយ។
ខ្ញុំយល់អំពីមូលហេតុ ដែលលោកវែរគិតថា ការអនុត្តតាមខគម្ពីរនេះ មានការពិបាក។ គឺដូចដែលបទខ្លីមួយបទបានច្រៀងថា “ចិត្តខ្ញុំចង់ឲ្យខ្លួនខ្ញុំ មានលក្ខណៈដូចព្រះយេស៊ូវ”។ ជាការពិតណាស់ យើងមិនមានលទ្ធភាពធ្វើឲ្យខ្លួនយើងមានលក្ខណៈដូចព្រះអង្គឡើយ។ បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង យើងមិនអាចមានលក្ខណៈដូចព្រះអង្គឡើយ។
ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គមិនបានទុកឲ្យយើងពឹងកម្លាំងខ្លួនឯងនោះឡើយ។ ព្រះទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកកូនព្រះអង្គ ដើម្បីឲ្យព្រះគ្រីស្ទមានរូបរាង ក្នុងយើង(កាឡាទី ៤:១៩)។ ហេតុនេះហើយ ក្នុងជំពូកដែលសាវ័កប៉ុលនិយាយអំពីព្រះវិញ្ញាណបរិសុទ្ធ គាត់បានសរសេរថា “ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់”(រ៉ូម ៨:២៩)។ ព្រះទ្រង់នឹងបញ្ចប់ព្រះរាជកិច្ចទ្រង់ នៅក្នុងជីវិតយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៃព្រះយេស៊ូវ ដែលគង់នៅក្នុងយើង។
កាលណាយើងចុះចូលនឹងកិច្ចការដែលព្រះវិញ្ញាណធ្វើក្នុងយើង នោះយើងនឹងមានលក្ខណៈកាន់តែដូចព្រះអង្គ។ យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា នេះជាបំណងព្រះទ័យដ៏អស្ចារ្យរបស់ព្រះ។—Bill Crowder