អ្នកស្រីមែហ្គី ហ្វឺគូសិន(Maggie Fergusson) បាននិពន្ធអត្ថបទមួយ ក្នុងទស្សនាវដ្តី អ្នកសេដ្ឋកិច្ច នៃឆ្នាំ១៨៤៣ ក្រោមប្រធានបទ ភាពឯកោ។ ក្នុងអត្ថបទនោះ គាត់បានសរសេរថា “ភាពឯកោនាំមកនូវគ្រោះថ្នាក់ ជាងភាពគ្មានផ្ទះសម្បែង ភាពអត់ឃ្លាន ឬជម្ងឺទៅទៀត”។ អ្នកស្រីហ្វឺគូសិនក៏បានលើកឡើង អំពីការកើនឡើង នៃអត្រានៃភាពឯកោ ដែលមិនប្រកាន់វណ្ណៈ ឬស្ថានភាពសេដ្ឋកិច្ចនោះឡើយ ហើយគាត់ក៏បានលើកយកឧទាហរណ៍ ធ្វើឲ្យប៉ះពាល់ចិត្តណាស់ ដើម្បីឲ្យគេដឹងថា ភាពឯកោមានផលអាក្រក់យ៉ាងណាខ្លះ។
ការឈឺចាប់ ក្នុងពេលឯកោ គឺមិនមែនទើបតែមានក្នុងសម័យយើងនោះឡើយ។ ជាការពិតណាស់ ការឈឺចាប់ក្នុងពេលឯកោ ក៏មានចែង នៅក្នុងកណ្ឌគម្ពីរសាស្តាផងដែរ។ ជាញឹកញាប់ កណ្ឌគម្ពីរនេះបានលើកឡើង អំពីទុក្ខព្រួយរបស់អ្នក ដែលហាក់ដូចជាខ្វះទំនាក់ទំនងដ៏មានន័យមួយ(៤:៧-៨)។ អ្នកនិពន្ធនៃកណ្ឌគម្ពីរនេះបានពោលទំនួញថា មនុស្សអាចរកបានទ្រព្យសម្បត្តិច្រើន តែមើលមិនឃើញតម្លៃរបស់វា ព្រោះគ្មានមនុស្សសម្រាប់ចែករំលែកទ្រព្យសម្បត្តិនោះឲ្យ។
ប៉ុន្តែ អ្នកនិពន្ធក៏បានទទួលស្គាល់សារៈសំខាន់នៃមិត្តភាព ដោយគាត់បានសរសេរថា មិត្តភក្តិជួយអ្នកឲ្យសម្រេច ការអ្វីដែលអ្នកមិនអាចធ្វើបានតែម្នាក់ឯង(ខ.៩) មិត្តភក្តិជួយជ្រោងយើងឡើង ពេលណាយើងដួល(ខ.១០) ដៃគូរនាំមកនូវការកម្សាន្តចិត្ត(ខ.១១) ហើយមិត្តភក្តិអាចផ្តល់ឲ្យនូវការការពារ ក្នុងពេលដ៏ពិបាក(ខ.១២)។
ភាពឯកោ ពិតជានាំមកនូវការពិបាកច្រើនណាស់ បានជាព្រះទ្រង់បង្កើតយើងមក ដើម្បីផ្តល់ឲ្យ និងទទួលផលប្រយោជន៍នៃមិត្តភាព និងសហគមន៍។ បើអ្នកមានអារម្មណ៍ឯកោ នោះចូរអធិស្ឋានសូមព្រះទ្រង់ជួយអ្នក ឲ្យបង្កើតទំនាក់ទំនងដ៏មានន័យ ជាមួយអ្នកដទៃ។ ទន្ទឹមនឹងនោះ ចូរស្វែងរកការលើកទឹកចិត្ត ដោយដឹងថា តាមពិត អ្នកជឿមិនដែលនៅឯកោឡើយ ព្រោះព្រះវិញ្ញាណរបស់ព្រះយេស៊ូវ តែងតែគង់នៅជាមួយយើងជានិច្ច(ម៉ាថាយ ២៨:២០)។—Lisa M. Samra