អ្នក​ស្រី​មែហ្គី ហ្វឺគូសិន(Maggie Fergusson) បាន​និពន្ធ​អត្ថ​បទ​មួយ ក្នុង​ទស្សនា​វដ្តី អ្នក​សេដ្ឋកិច្ច នៃ​ឆ្នាំ១៨៤៣ ក្រោមប្រធាន​បទ ភាព​ឯកោ។ ក្នុង​អត្ថ​បទ​នោះ គាត់​បាន​សរសេរ​ថា “ភាព​ឯកោ​នាំ​មក​នូវ​គ្រោះ​ថ្នាក់ ជាង​ភាព​គ្មាន​ផ្ទះ​សម្បែង ភាពអត់​ឃ្លាន ឬ​ជម្ងឺ​ទៅ​ទៀត”។ អ្នក​ស្រី​ហ្វឺគូសិន​ក៏​បាន​លើក​ឡើង អំពី​ការ​កើន​ឡើង នៃ​អត្រា​នៃ​ភាព​ឯកោ ដែល​មិន​ប្រកាន់​វណ្ណៈ ឬ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នោះ​ឡើយ ហើយ​គាត់​ក៏​បាន​លើក​យក​ឧទាហរណ៍ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ភាព​ឯកោ​មាន​ផល​អាក្រក់​យ៉ាង​ណា​ខ្លះ។​

ការ​ឈឺ​ចាប់ ក្នុង​ពេល​ឯកោ គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​យើងនោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ការ​ឈឺ​ចាប់​ក្នុង​ពេល​ឯកោ ក៏​មាន​ចែង នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា​ផង​ដែរ។​ ជា​ញឹក​ញាប់ កណ្ឌ​គម្ពីរ​នេះ​បាន​លើក​ឡើង អំពី​ទុក្ខ​ព្រួយ​របស់​អ្នក ដែល​ហាក់ដូច​ជា​ខ្វះ​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​(៤:៧-៨)។ អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ពោល​ទំនួញ​ថា មនុស្ស​អាច​រក​បាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​មើល​មិន​ឃើញ​តម្លៃ​របស់​វា ព្រោះ​គ្មាន​មនុស្ស​សម្រាប់​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​នោះ​ឲ្យ។

ប៉ុន្តែ អ្នក​និពន្ធ​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​មិត្ត​ភាព ដោយ​គាត់​បាន​សរសេរ​ថា មិត្ត​ភក្តិ​ជួយ​អ្នក​ឲ្យ​សម្រេច ការ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់​ឯង​(ខ.៩) មិត្ត​ភក្តិ​ជួយ​ជ្រោង​យើង​ឡើង ពេល​ណា​យើង​ដួល​(ខ.១០) ដៃ​គូរ​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​(ខ.១១) ហើយ​មិត្ត​ភក្តិ​អាច​ផ្តល់​ឲ្យ​នូវ​ការ​ការពារ ក្នុង​ពេល​ដ៏​ពិបាក(ខ.១២)។

ភាព​ឯកោ ពិត​ជា​នាំ​មក​នូវ​ការ​ពិបាក​ច្រើន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​ផ្តល់​ឲ្យ​ និង​ទទួល​ផល​ប្រយោជន៍​នៃមិត្ត​ភាព និង​សហគមន៍។​ បើ​អ្នក​មាន​អារម្មណ៍​ឯកោ នោះ​ចូរ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ជួយ​អ្នក ឲ្យ​បង្កើត​ទំនាក់​ទំនង​ដ៏​មាន​ន័យ ជា​មួយ​អ្នក​ដទៃ។ ទន្ទឹម​នឹង​នោះ ចូរ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត ដោយ​ដឹង​ថា តាម​ពិត អ្នក​ជឿ​មិន​ដែល​នៅ​ឯកោ​ឡើយ ព្រោះព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូវ តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច​(ម៉ាថាយ ២៨:២០)។—Lisa M. Samra