ប្អូនប្រុសខ្ញុំ ឈ្មោះ ប៉ុល(Paul) បានចម្រើនវ័យធំឡើង ដោយតយុទ្ធនឹងជម្ងឺឆ្កួតជ្រូកធ្ងន់ធ្ងរ ហើយពេលដែលគាត់ចូលដល់វ័យជំទង់ ជម្ងឺនេះកាន់តែមានសភាពធ្ងន់ធ្ងរ។ ពេលយប់ ជាពេលដ៏ចុកចាប់បំផុត សម្រាប់គាត់ និងឪពុកម្តាយខ្ញុំ ពេលដែលគាត់ប្រកាច់អស់ពេលជាច្រើនម៉ោង ដែលជាញឹកញាប់ គាត់ប្រកាច់ម្តងៗ លើស៦ម៉ោង។ វេជ្ជបណ្ឌិតមិនអាចរកឃើញការព្យាបាល ដែលនឹងកាត់បន្ថយរោគសញ្ញារបស់គាត់ទេ ហើយគាត់គ្រាន់តែអាចដឹងខ្លួន យ៉ាងហោចណាស់ នៅពេលថ្ងៃ។ ឪពុកម្តាយខ្ញុំក៏បានស្រែករកព្រះថា “ព្រះអង្គ ព្រះអង្គអើយ សូមជួយយើងខ្ញុំផង!”
ទោះអារម្មណ៍របស់ពួកគាត់មានការឈឺចាប់ ហើយរូបកាយមានការខ្សោះអស់កម្លាំងយ៉ាងណាក៏ដោយ ប្អូនប្រុសខ្ញុំ និងឪពុកម្តាយខ្ញុំបានទទួលកម្លាំងគ្រប់គ្រាន់ពីព្រះ សម្រាប់ការរស់នៅក្នុងថ្ងៃថ្មី។ ជាងនេះទៅទៀត ឪពុកម្តាយខ្ញុំបានរកឃើញការកម្សាន្តចិត្ត ក្នុងព្រះគម្ពីរប៊ីប ដែលរាប់បញ្ចូលទាំងកណ្ឌគម្ពីរបរិទេវផងដែរ។ ក្នុងកណ្ឌគម្ពីរបរិទេវ លោកយេរេមាបានពោលទំនួញ អំពីការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ដោយពួកបាប៊ីឡូន ដោយគាត់បាននឹកចាំ “សេចក្តីទុក្ខលំបាក និងពីសេចក្តីវេទនា”(៣:១៩)។ ប៉ុន្តែ លោកយេរេមាមិនអស់សង្ឃឹមឡើយ។ គាត់បាននឹកចាំ អំពីសេចក្តីមេត្តារបស់ព្រះ ដែលសេចក្តីមេត្តារបស់ទ្រង់ “នៅតែថ្មីជារៀងរាល់ពេលព្រឹក”(ខ.២៣)។ ឪពុកម្តាយខ្ញុំក៏បាននឹកចាំសេចក្តីមេត្តារបស់ព្រះអង្គផងដែរ។
ទោះអ្នកកំពុងតែជួបប្រទះរឿងអ្វីក៏ដោយ ចូរដឹងថា ព្រះទ្រង់តែងតែស្មោះត្រង់ជានិច្ច។ ព្រះអង្គចម្រើនកម្លាំងយើងឡើង ជារៀងរាល់ថ្ងៃ ដោយប្រទានយើងនូវក្តីសង្ឃឹម។ ហើយជួនកាល ព្រះអង្គប្រទានភាពធូរស្រាល ដូចដែលព្រះអង្គបានសម្រាលបន្ទុកគ្រួសារខ្ញុំដែរ។ ប៉ុន្មានឆ្នាំក្រោយមក ថ្នាំពេទ្យប្រភេទថ្មីក៏មានដាក់លក់ ដែលអាចបញ្ឈប់ការប្រកាច់របស់ប្អូនប្រុសខ្ញុំ នៅពេលយប់ ដូចនេះ ក្រុមគ្រួសារខ្ញុំអាចគេងបានគ្រប់គ្រាន់ និងមានក្តីសង្ឃឹមឡើងវិញ សម្រាប់ពេលអនាគត។
ពេលណាវិញ្ញាណយើងមានទុក្ខព្រួយ(ខ.២០) ចូរយើងនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះ ដែលបានសន្យាថា សេចក្តីមេត្តារបស់ទ្រង់តែងតែថ្មី រៀងរាល់ពេលព្រឹក។—Amy Boucher Pye