នៅ​រដូវ​ក្តៅ ក្នុង​ឆ្នាំ ១៨៥៩០ លោក ឆាល ប្លន់ឌីន(Charles Blondin) បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ ដែល​បាន​ឆ្លង​កាត់​ទឹកជ្រោះ​ណាយ​អាការ៉ា ដោយ​ប្រើ​ខ្សែ​ពួរ ​ទោះបី​​ជា​គេ​ឲ្យ​គាត់​ធ្វើ​ដូច​នេះ​រាប់​រយ​ដង​ទៀត ក៏​គាត់​ហ៊ាន​ធ្វើ​ដែរ។ មាន​ពេល​មួយ គាត់​បាន​ឆ្លង​កាត់​ទឹក​ជ្រោះ​នេះ ជា​មួយ​លោក​ហារី ខូលឃត(Harry Colcord)​ ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​គាត់ ដោយ​ឲ្យលោក​ហារី នៅពី​ក្រោយ​គាត់។ គាត់​ក៏​បាន​ប្រាប់​លោក​ហារីថា “ហារី ចូរ​មើល​ទៅ​ខាង​លើ ឥឡូវ​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​តាមចិត្ត​ទៀត​ឡើយ បើ​ខ្ញុំ​យោល​ខ្លួន ចូរ​យោល​ខ្លួន​ជា​មួយ​ខ្ញុំ។ កុំ​ព្យាយាមទប់​ខ្លួន​អី។ បើ​អ្នក​ទប់​ខ្លួន នោះ​យើង​នឹង​ធ្លាក់​ស្លាប់​ទាំងអស់​គ្នា​មិន​ខាន”។​

ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ក្រុង​កាឡាទី គឺ​ប្រៀប​ដូច​ជា​ការ​និយាយ​ប្រាប់​ពួក​គេ​ថា: អ្នក​មិន​អាច​ដើរ​តាម​ផ្លូវនៃ​ជីវិត ដែល​សព្វ​ព្រះ​ទ័យ​ដល់​ព្រះ​បាន​ឡើយ បើ​អ្នក​មិន​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទេ​នោះ។ ប៉ុន្តែ អ្នក​មិន​ចាំ​បាច់​ត្រូវ​ដើរ​ដោយគ្មាន​ជំនឿ​នោះ​ឡើយ។  យើង​មិន​អាច​ខំ​ធ្វើ​ការ​ល្អ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នោះ​ឡើយ។ ដូច​នេះ តើ​យើង​នឹង​ទទួល​សេចក្តី​សង្រ្គោះ ដោយ​មិន​ធ្វើ​អ្វី​សោះ​ឬ? ទេ! ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​តោង​ព្រះ​គ្រីស្ទ​ឲ្យ​ជាប់។ ការ​តោង​ព្រះ​យេស៊ូវ​ឲ្យ​ជាប់ គឺ​មាន​ន័យ​ថា យើង​សម្លាប់​របៀប​នៃ​ការ​រស់​នៅ​ចាស់ ដែល​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង ពោល​គឺ​ជីវិត​ចាស់របស់​យើង​បាន​ស្លាប់​ហើយ។ ប៉ុន្តែ យើង​នៅ​តែ​ឲ្យ​វា​បន្ត​រស់​ទៀត។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ”(កាឡាទី ២:២០)។

តើ​ដំណើរ​ជីវិត​របស់​យើង ប្រៀប​ដូច​ជា​ការ​ដើរ​ឆ្លង​ជ្រោះ ដោយ​តោង​ខ្សែ​ពួរ​ឬ? ព្រះ​ទ្រង់​មិន​បាន​ត្រាស់​ហៅ​យើង​ឲ្យ​តោង​ខ្សែពួរ ដើរ​មក​រក​ព្រះ​អង្គ​ឡើយ តែ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​តោង​ព្រះ​អង្គ​ឲ្យ​ជាប់ ហើយ​ដើរ​ជា​មួយ​ព្រះ​អង្គ ក្នុង​ជីវិត​នេះ។—Glenn Packiam