ខណៈពេលដែលខ្ញុំកំពុងតែសម្អាតសួនដំណាំ ដើម្បីត្រៀមខ្លួន សម្រាប់ការដាំដុះ នៅរដូវផ្ការីក ខ្ញុំក៏បានទាញគុម្ពផ្កាធំមួយដើម ដែលនៅសល់ពីរដូវរងា … ហើយខ្ញុំក៏ស្ទុះលោតឡើង! សត្វពស់មានពិសមួយក្បាលកំពុងសង្ងំលាក់ខ្លួន នៅក្រោមគុម្ពផ្កា នៅក្រោមដៃខ្ញុំ។ បើខ្ញុំលូកទៅក្រោមទៀត តែពីរបីសង់ទីម៉ែត្រ នោះខ្ញុំមុខជាច្រឡំចាប់ទាញវាមិនខាន។ គ្រាន់តែខ្ញុំចាប់លើកគុម្ពផ្កានោះឡើងតែបន្តិច ខ្ញុំក៏បានឃើញសម្បុររបស់វា ដែលមានពណ៌ចម្រុះ។ ខ្លួនរបស់វាបានអង្គួញឡើងជាភ្នែន នៅក្រោមគុម្ពផ្កា នៅចន្លោះជើងខ្ញុំ។
ជើងរបស់ខ្ញុំ នៅចម្ងាយប្រហែលមួយម៉ែត្រពីវា ដូចនេះ ខ្ញុំអរព្រះគុណព្រះអង្គ ដែលវាមិនបានចឹកខ្ញុំ។ ហើយខ្ញុំក៏បានឆ្ងល់ថា តើមានពេលប៉ុន្មានដងហើយ ដែលព្រះអង្គបានជួយការពារខ្ញុំ ឲ្យរួចពីគ្រោះថ្នាក់ ដែលខ្ញុំមិនបានមើលឃើញ ។
ព្រះទ្រង់មើលថែរាស្រ្តព្រះអង្គ។ មុនពេលពួកអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា លោកម៉ូសេបានប្រាប់ពួកគេថា “ព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ”(ចោទិយកថា ៣១:៨)។ ពួកគេមិនអាចមើលឃើញព្រះអង្គ តែព្រះអង្គតែងតែគង់នៅក្បែរពួកគេជានិច្ច។
ជួនកាល រឿងពិបាកៗកើតឡើង ហើយយើងប្រហែលមិនយល់ តែយើងអាចជញ្ជឹងគិត អំពីពេលដែលព្រះទ្រង់បានថែរក្សាយើង ជាញឹកញាប់ ដោយយើងមើលមិនដឹង។
ព្រះគម្ពីរបានរំឭកយើងថា ព្រះអង្គតែងតែថែរក្សារាស្រ្តព្រះអង្គម្នាក់ៗ យ៉ាងល្អឥតខ្ចោះ ដោយអំណាចគ្រប់គ្រងលើអ្វីៗទំាងអស់។ ព្រះអង្គតែងតែគង់នៅជាមួយយើងជានិច្ច(ម៉ាថាយ ២៨:២០)។—James Banks