ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សម្អាត​សួន​ដំណាំ ដើម្បី​ត្រៀម​ខ្លួន សម្រាប់​ការ​ដាំ​ដុះ នៅ​រដូវ​ផ្កា​រីក  ខ្ញុំ​ក៏​បាន​ទាញ​គុម្ព​ផ្កាធំ​មួយដើម ដែល​នៅ​សល់​ពី​រដូវ​រងា … ហើយ​ខ្ញុំ​ក៏​ស្ទុះ​លោត​ឡើង! សត្វ​ពស់​មាន​ពិស​មួយ​ក្បាល​កំពុង​សង្ងំ​លាក់​ខ្លួន នៅ​ក្រោម​គុម្ពផ្កា នៅ​ក្រោម​ដៃ​ខ្ញុំ។ បើ​ខ្ញុំ​លូក​ទៅ​ក្រោម​ទៀត តែ​ពីរបីសង់​ទីម៉ែត្រ នោះ​ខ្ញុំ​មុខ​ជា​ច្រឡំ​ចាប់​ទាញ​វា​មិន​ខាន។ គ្រាន់​តែ​ខ្ញុំ​ចាប់លើក​គុម្ព​ផ្កា​នោះ​ឡើង​តែ​បន្តិច ខ្ញុំ​ក៏​បាន​ឃើញ​សម្បុរ​របស់​វា ដែល​មាន​ពណ៌​ចម្រុះ។ ខ្លួន​របស់​វា​បាន​អង្គួញ​ឡើង​ជា​ភ្នែន នៅក្រោម​គុម្ព​ផ្កា នៅ​ចន្លោះ​ជើង​ខ្ញុំ។

ជើង​របស់​ខ្ញុំ នៅ​ចម្ងាយ​ប្រហែល​មួយ​ម៉ែត្រ​ពី​វា ដូច​នេះ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​វា​មិន​បាន​ចឹក​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​អង្គ​បាន​ជួយ​ការពារ​ខ្ញុំ ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់ ដែល​ខ្ញុំ​មិន​បាន​មើល​ឃើញ​ ។

ព្រះ​ទ្រង់​មើល​ថែ​រាស្រ្ត​ព្រះ​អង្គ។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “​ព្រះយេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ”(ចោទិយកថា ៣១:៨)។ ពួក​គេ​មិន​អាច​មើល​ឃើញ​ព្រះ​អង្គ តែ​ព្រះ​អង្គ​តែង​តែគង់​នៅ​ក្បែរ​ពួក​គេ​ជា​និច្ច។

ជួន​កាល រឿង​ពិបាក​ៗ​កើត​ឡើង ហើយ​យើង​ប្រហែល​មិន​យល់ តែ​យើង​អាច​ជញ្ជឹង​គិត អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សាយើង ជា​ញឹក​ញាប់ ដោយ​យើង​មើល​មិន​ដឹង។

ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា ព្រះ​អង្គ​តែង​តែ​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ​ម្នាក់​ៗ យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទំាង​អស់​។ ព្រះ​អង្គ​តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច(ម៉ាថាយ ២៨:២០)។—James Banks