កាលប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសខ្ញុំឈ្មោះ ចូស(Josh) បាននាំគ្នាឡើងភ្នំ តាមផ្លូវមួយ។ ពេលនោះ យើងក៏បានឃើញដីហុយសំពោង។ យើងក៏បានដើរយឺតៗទៅមុខទៀត ហើយក៏បានឃើញសត្វស្កាមួយក្បាល កំពុងកាយដីធ្វើរន្ធ។ វាបានមុជក្បាល និងស្មាវា ទៅក្នុងរន្ធនោះ ដោយជើងមុខវាបានកាយដី ហើយជើងក្រោយបានធាក់ដីចេញមកក្រៅរន្ធញាប់ស្មេរ។ វាកំពុងតែជក់នឹងកិច្ចការរបស់វា បានជាវាមិនបានឮសម្លេងយើងដើរសោះ។
ដោយទប់ចិត្តមិនបាន ខ្ញុំក៏បានរើសឈើវែងមួយដើមពីដី ដើម្បីញល់ខ្លួនវាតិចៗ។ វាមិនឈឺទេ តែវាបានលោតឡើង ហើយក៏បានស្ទុះមករកយើង។ ខ្ញុំ និងចូសក៏បានប្រញាប់រត់យ៉ាងលឿនបំផុត ចម្ងាយប្រហែល១រយម៉ែត្រ ដូចអ្នករត់ប្រណំាង។
តាមរយៈការលេងសើចនេះ ខ្ញុំក៏រៀនបានមេរៀនមួយ គឺថា ជួនកាល យកល្អ យើងមិនត្រូវរំខានការងាររបស់អ្នកដទៃឡើយ។ នេះក៏ជារឿងពិត នៅក្នុងទំនាក់ទំនងជាមួយបងប្អូនរួមជំនឿក្នុងព្រះគ្រីស្ទផងដែរ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ នៅក្រុងថែស្សាឡូនិចឲ្យ “ខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង”(១ថែស្សាឡូនិច ៤:១១)។ យើងត្រូវតែអធិស្ឋានឲ្យអ្នកដទៃ ហើយស្វែងរកឱកាសផ្សាយព្រះបន្ទូល ដោយព្រះគុណព្រះ ហើយព្រះអង្គក៏បានត្រាស់ហៅយើងឲ្យកែតម្រង់គ្នាទៅវិញទៅមក ដោយចិត្តសុភាព នៅពេលខ្លះ។ តែការរៀនរស់នៅ ក្នុងជីវិតដែលស្ងប់ស្ងាត់ ដោយមិនជ្រៀតជ្រែកកិច្ចការអ្នកដទៃ គឺជារឿងសំខាន់។ នេះក៏ជាគំរូល្អ សម្រាប់អ្នក ដែលមិនមែនជាសមាជិកនៃមហាគ្រួសាររបស់ព្រះ(ខ.១២)។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យ “ស្រឡាញ់គ្នាទៅវិញទៅមក”(ខ.៩)។—David H. Roper