រឿង​ព្រេង​និទាន​របស់​ចិន​មួយ​បាន​ដំណាល​ថា ពេល​ដែល​លោក​សៃ វេង(Sai Weng) បាន​បាត់​សត្វ​សេះ​មួយ​ក្បាល ក្នុងចំណោម​សត្វ​សេះ​ដែល​មាន​តម្លៃ​បំផុត​របស់​គាត់ អ្នក​ជិត​ខាង​របស់​គាត់ ក៏​បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ ចំពោះ​ការ​បាត់​បង់​របស់​គាត់។ តែ​លោក​សៃ វេង មិន​បាន​ខ្វល់​ពី​រឿង​នេះ​ទេ។ គាត់​និយាយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អាច​ដឹង​ច្បាស់​ថា សត្វ​សេះ​នោះ​ពិត​ជា​មាន​តម្លៃ​ចំពោះ​គាត់? រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក៏​បាន​កើត​ឡើង នៅ​ពេល​ដែល​សត្វ​សេះ​ដែល​បាន​បាត់​នោះ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​សត្វ​សេះ​មួយ​ក្បាល​ទៀត​មក​ជា​មួយ​វា។ ពេល​ដែល​អ្នក​ជិត​ខាង​អប​អរ​សាទរ​គាត់ គាត់​ក៏​បាន​និយាយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អាច​ដឹង​ច្បាស់​ថា រឿង​នេះ​ពិត​ជា​រឿង​ល្អ សម្រាប់​គាត់? មិន​យូរ​ប៉ុន្មាន កូន​ប្រុស​គាត់​ក៏​បាន​បាក់​ជើង នៅ​ពេល​ដែល​ខ្លួន​ជិះ​សេះ​ថ្មី​មួយ​ក្បាល​នោះ។​ រឿង​នេះ​ហាក់​ដូច​ជា​គ្រោះ​កាច​សម្រាប់​គ្រួសារ​គាត់ ប៉ុន្តែ ថ្ងៃ​មួយ កង​ទ័ព​បាន​មក​ដល់​ភូមិ​របស់​គាត់ ដើម្បី​កេណ្ឌ​ទ័ព ដោយ​ជ្រើស​រើស​ប្រុស​ៗ​ដែល​មាន​កាយ​សម្បទារ​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធ​ក្នុង​សង្រ្គាម។ តែ​ដោយ​សារ​កូន​ប្រុស​គាត់​មាន​របួស នោះ​គេ​មិន​បាន​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ទ័ព​ឡើយ ដូច​នេះ កូន​គាត់​អាច​រួច​ផុតពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សង្រ្គាម។

រឿង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង ផ្អែក​ទៅ​លើ​សុភាសិត​របស់​ចិន​មួយ ដែល​បង្រៀន​ថា ទុក្ខ​លំបាក​អាច​ជា​ព្រះ​ពរ ដែល​បាន​លាក់​ខ្លួន ហើយ​រឿង​ល្អ អាច​ជា​ទុក្ខ​លំបាក​ដែល​មិន​ទាន់​បង្ហាញ​ខ្លួន។ សុភា​សិត​បុរាណ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សាស្តា ៦:១២ ដែល​ក្នុង​នោះ​អ្នក​និពន្ធ​បាន​ចោទ​សួរ​ថា “ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ក្នុង​ជីវិត​នេះ?”  ជា​ការពិត​ណាស់ គ្មាន​នរណា​ម្នាក់​ដឹង​ថា ពេល​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ ទុក្ខ​លំបាក​អាច​មាន​ប្រយោជន៍​ជា​វិជ្ជ​មាន ហើយ​ភាព​សម្បូរ​សប្បាយ អាច​នាំ​មក​នូវ​ផល​អាក្រក់។

ថ្ងៃនី​មួយ​ៗ បាន​នាំ​មក​នូវ​ឱកាស​ថ្មី​ៗ ក្តី​អំណរ ការ​តស៊ូ និង​ទុក្ខ​លំបាក។ ហើយ​ក្នុង​នាម​យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ យើង​អាច​សម្រាក ក្រោម​ការ​ឃុំ​គ្រង​របស់​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ព្រះ​អង្គ ក្នុង​ពេល​ល្អ ក៏​ដូច​ជា​ពេល​អាក្រក់។ ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មានពេល​ល្អ និង​ពេល​អាក្រក់(៧:១៤)។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង ក្នុង​គ្រប់​ហេតុការណ៍ ក្នុង​ជីវិត​យើង ហើយ​បាន​សន្យា​ថា នឹងថែរក្សា​យើង​ដោយ​ក្តី​ស្រឡាញ់។—Poh Fang Chia