កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​ឈ្មោះ ចូស(Josh) បាន​នាំ​គ្នា​ឡើង​ភ្នំ តាម​ផ្លូវ​មួយ។ ពេល​នោះ យើង​ក៏​បាន​ឃើញ​ដី​ហុយ​សំពោង។ យើង​ក៏​បាន​ដើរ​យឺត​ៗ​ទៅ​មុខ​ទៀត ហើយ​ក៏​បាន​ឃើញ​សត្វ​ស្កា​មួយ​ក្បាល កំពុង​កាយ​ដី​ធ្វើ​រន្ធ។ វា​បាន​មុជ​ក្បាល និង​ស្មា​វា ទៅ​ក្នុង​រន្ធ​នោះ ដោយ​ជើង​មុខ​វា​បាន​កាយ​ដី ហើយ​ជើង​ក្រោយ​បាន​ធាក់​ដី​ចេញ​មក​ក្រៅ​រន្ធ​ញាប់​ស្មេរ។ វា​កំពុង​តែជក់​នឹង​កិច្ច​ការ​របស់​វា បាន​ជា​វា​មិន​បាន​ឮ​សម្លេង​យើង​ដើរ​សោះ។

ដោយ​ទប់​ចិត្ត​មិន​បាន ខ្ញុំ​ក៏​បាន​រើស​ឈើ​វែង​មួយ​ដើម​ពី​ដី ដើម្បី​ញល់​ខ្លួន​វា​តិច​ៗ។ វា​មិន​ឈឺ​ទេ តែ​វា​បាន​លោត​ឡើង ហើយ​ក៏បាន​ស្ទុះ​មក​រក​យើង។ ខ្ញុំ និង​ចូស​ក៏​បាន​ប្រញាប់​រត់​យ៉ាង​លឿន​បំផុត ​ចម្ងាយ​ប្រហែល​១​រយ​ម៉ែត្រ ដូច​អ្នក​រត់​ប្រណំាង។

តាម​រយៈ​ការ​លេង​សើច​នេះ ខ្ញុំ​ក៏​រៀន​បាន​មេរៀន​មួយ គឺ​ថា ជួន​កាល យក​ល្អ យើង​មិន​ត្រូវ​រំខាន​ការងារ​របស់​អ្នក​ដទៃ​ឡើយ។ នេះ​ក៏​ជា​រឿង​ពិត នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ នៅក្រុង​ថែស្សាឡូនិច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់​ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​”(១ថែស្សាឡូនិច ៤:១១)។ យើង​ត្រូវ​តែ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ហើយ​ស្វែង​រក​ឱកាស​ផ្សាយ​ព្រះ​បន្ទូល ដោយ​ព្រះគុណ​ព្រះ ហើយ​ព្រះ​អង្គ​ក៏បាន​ត្រាស់​ហៅ​យើង​ឲ្យ​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សុភាព នៅ​ពេល​ខ្លះ។  ​តែ​ការ​រៀន​រស់នៅ ក្នុង​ជីវិត​ដែល​ស្ងប់​ស្ងាត់ ដោយ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​អ្នក​ដទៃ គឺ​ជា​រឿង​សំខាន់។ នេះ​ក៏​ជា​គំរូ​ល្អ សម្រាប់​អ្នក ដែល​មិនមែន​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ(ខ.១២)។​ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៩)។—David H. Roper