ការ​ជួប​ជុំ​គ្នា​អធិស្ឋាន ក្នុង​ក្រុម​គ្រួសារ​មួយ បាន​បញ្ចប់ ដោយ​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​ព្រឹក​មួយ។ គ្រាន់​តែ​បុរសជា​ឪពុក​បាន​និយាយ​ថា “អាម៉ែន” ខេត​លីន(Kaitlyn) ដែល​ជា​ក្មេង​អាយុ​៥​ឆ្នាំ ក៏​បាន​ប្រកាស​ថា ខ្លួន​បាន​អធិស្ឋាន​ឲ្យ​ឡូហ្គិន(Logan) ព្រោះ​ឡូហ្គិន​បាន​បើក​ភ្នែក ក្នុង​អំឡុង​ពេល​អធិ​ស្ឋាន។

ខ្ញុំ​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​ឲ្យ​បង​ប្រុស​អាយុ​១០​ឆ្នាំ ដោយសារ​គាត់​បើក​ភ្នែក​ពេល​អធិស្ឋាន មិន​មែន​ជា​ការ​ទូល​អង្វរ​ទេ តែយ៉ាង​ហោច​ណាស់ ខេតលីន​បាន​ដឹង​ថា យើង​អាច​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​អូស្វូល ឆែមបឺរ(Oswald Chambers) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការអធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ គាត់​មាន​ប្រសាសន៍​ថា “ការ​ទូល​អង្វរ គឺ​ជា​ការ​ដាក់​ខ្លួន​របស់​អ្នក ក្នុង​កន្លែង​របស់​ព្រះ គឺ​បាន​សេចក្តី​ថា អ្នក​មាន​ចិត្ត​គំនិត និង​ទស្សនៈ​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ”។ គឺ​ជា​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដោយ​ការ​យល់​ដឹង​ អំពី​ការ​អ្វីដែល​យើង​បាន​ដឹង អំពី​ព្រះ និង​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​មាន​ចំពោះ​យើង។

បទ​គម្ពីរ​ដានី​យ៉ែល ជំពូក​៩ បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ប្រសើរ នៃ​ការ​អធិស្ឋាន​ទូល​អង្វរ។ ហោរា​រូប​នេះ​បាន​យល់ ​អំពី​ព្រះ​បន្ទូល​របស់ព្រះ ដែល​បាន​សន្យា​ថា ប្រជាជន​យូដា​នឹង​ត្រូវ​ជាប់​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន អស់​រយៈ​ពេល​៧០​ឆ្នាំ( យេរេមា ២៥:១១-១២)។ លោក​ដានីយ៉ែល​ដឹង​ថា រយៈ​ពេល​នោះ ជិត​ដល់​ទី​បញ្ចប់​ហើយ ដូច​នេះ គាត់ក៏​បាន​អធិស្ឋាន​កាន់​តែ​ខ្លាំង​ឡើង។ ក្នុង​ការ​អធិស្ឋាន​នោះ គាត់​បាន​លើក​ឡើង អំពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​(ដានីយ៉ែល ៩:៤-៦) បន្ទាប​ខ្លួន(ខ.៨)  ពោល​សរសើរចារិក​លក្ខណៈ​របស់​ព្រះ​(ខ.៩) លន់តួបាប(ខ.១៥) ហើយ​បាន​ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​មេត្តា​របស់​ទ្រង់ ខណៈ​ពេល​ដែល​គាត់​អធិស្ឋាន ឲ្យ​រាស្ត្រ​ព្រះ​អង្គ​(ខ.១៨)។ ហើយ​គាត់​ក៏​បាន​ទទួល​ចម្លើយ​ភ្លាម​ៗ​ពី​ព្រះ​(ខ.២១)។​

ការ​អធិស្ឋាន​ទាំង​អស់ មិន​សុទ្ធ​តែ​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប ដ៏​រំភើប​រីក​រាយ​នោះ​ឡើយ តែ​ចូរ​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ដោយ​ដឹង​ថា យើង​អាច​ចូល​ទៅ​ចំពោះ​ព្រះ ដើម្បី​អធិស្ឋាន​ទូល​អង្វរ​ឲ្យ​អ្នក​ដទៃ ដោយ​ជំនឿ និង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ។—Dave Branon