ការជួបជុំគ្នាអធិស្ឋាន ក្នុងក្រុមគ្រួសារមួយ បានបញ្ចប់ ដោយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលព្រឹកមួយ។ គ្រាន់តែបុរសជាឪពុកបាននិយាយថា “អាម៉ែន” ខេតលីន(Kaitlyn) ដែលជាក្មេងអាយុ៥ឆ្នាំ ក៏បានប្រកាសថា ខ្លួនបានអធិស្ឋានឲ្យឡូហ្គិន(Logan) ព្រោះឡូហ្គិនបានបើកភ្នែក ក្នុងអំឡុងពេលអធិស្ឋាន។
ខ្ញុំដឹងច្បាស់ថា ការអធិស្ឋានឲ្យបងប្រុសអាយុ១០ឆ្នាំ ដោយសារគាត់បើកភ្នែកពេលអធិស្ឋាន មិនមែនជាការទូលអង្វរទេ តែយ៉ាងហោចណាស់ ខេតលីនបានដឹងថា យើងអាចអធិស្ឋានឲ្យគ្នាទៅវិញទៅមក។
លោកអូស្វូល ឆែមបឺរ(Oswald Chambers) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការអធិស្ឋានឲ្យអ្នកដទៃ។ គាត់មានប្រសាសន៍ថា “ការទូលអង្វរ គឺជាការដាក់ខ្លួនរបស់អ្នក ក្នុងកន្លែងរបស់ព្រះ គឺបានសេចក្តីថា អ្នកមានចិត្តគំនិត និងទស្សនៈដែលស្របនឹងព្រះទ័យព្រះអង្គ”។ គឺជាការអធិស្ឋានឲ្យអ្នកដទៃ ដោយការយល់ដឹង អំពីការអ្វីដែលយើងបានដឹង អំពីព្រះ និងសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង។
បទគម្ពីរដានីយ៉ែល ជំពូក៩ បានផ្តល់ឲ្យនូវគំរូដ៏ប្រសើរ នៃការអធិស្ឋានទូលអង្វរ។ ហោរារូបនេះបានយល់ អំពីព្រះបន្ទូលរបស់ព្រះ ដែលបានសន្យាថា ប្រជាជនយូដានឹងត្រូវជាប់ជាឈ្លើយសឹករបស់ចក្រភពបាប៊ីឡូន អស់រយៈពេល៧០ឆ្នាំ( យេរេមា ២៥:១១-១២)។ លោកដានីយ៉ែលដឹងថា រយៈពេលនោះ ជិតដល់ទីបញ្ចប់ហើយ ដូចនេះ គាត់ក៏បានអធិស្ឋានកាន់តែខ្លាំងឡើង។ ក្នុងការអធិស្ឋាននោះ គាត់បានលើកឡើង អំពីក្រឹត្យវិន័យរបស់ព្រះ(ដានីយ៉ែល ៩:៤-៦) បន្ទាបខ្លួន(ខ.៨) ពោលសរសើរចារិកលក្ខណៈរបស់ព្រះ(ខ.៩) លន់តួបាប(ខ.១៥) ហើយបានពឹងផ្អែកទៅលើសេចក្តីមេត្តារបស់ទ្រង់ ខណៈពេលដែលគាត់អធិស្ឋាន ឲ្យរាស្ត្រព្រះអង្គ(ខ.១៨)។ ហើយគាត់ក៏បានទទួលចម្លើយភ្លាមៗពីព្រះ(ខ.២១)។
ការអធិស្ឋានទាំងអស់ មិនសុទ្ធតែទទួលបាននូវការឆ្លើយតប ដ៏រំភើបរីករាយនោះឡើយ តែចូរយើងទទួលការលើកទឹកចិត្ត ដោយដឹងថា យើងអាចចូលទៅចំពោះព្រះ ដើម្បីអធិស្ឋានទូលអង្វរឲ្យអ្នកដទៃ ដោយជំនឿ និងពឹងផ្អែកលើព្រះអង្គ។—Dave Branon