ក្នុង​វគ្គ​មួយ នៃការ​ប្រកួត​ភាព​ប៉ិន​ប្រសប់ នៅ​សហ​រដ្ឋ​អាមេរិកAmerica’s Got Talent  ក្មេង​ស្រី​អាយុ៥​ឆ្នាំ​ម្នាក់ បាន​បន្លឺ​សម្លេង​ច្រៀង ដោយ​សំនៀង​ដ៏​ពិរោះ​យ៉ាង​ខ្លាំង បាន​ជា​ចៅ​ក្រម​ម្នាក់​បាន​ប្រៀប​ធៀប​គាត់ ទៅ​នឹង​ក្មេង​ម្នាក់​ទៀត ដែល​ជា​អ្នក​ចម្រៀង និង​អ្នក​រាំ​ដ៏​ល្បីល្បាញ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០។ គាត់​ក៏​បាន​និយាយ​ថា គាត់​គិត​ថា ក្មេង​ស្រី​ឈ្មោះ សឺលី ធែមភល(Shirley Temple) កំពុង​តែ​រស់​នៅ​ក្នុង​នាង។ នាង​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​ឆ្លើយ​តប ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា “សឺលី ធែមភល មិនរស់​នៅ​ក្នុង​ខ្ញុំ​ទេ។ គឺ​ព្រះយេស៊ូវ​ទេ​តើ ដែល​គង់​នៅ​ក្នុង​ខ្ញុំ!”

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ក្មេង​ស្រី​នេះ ដែល​បាន​ដឹង​ច្បាស់​ថា ក្តី​អំណរ​របស់​នាង មាន​ប្រភព​មក​ពី​ព្រះ​យេស៊ូវ ដែល​គង់​នៅក្នុង​នាង។ ព្រះ​គម្ពីរ​ប៊ីប​បាន​ធានា​ដល់​យើង​ថា តាម​ពិត អស់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ នឹង​មិន​គ្រាន់​តែ​ទទួល​បាន​ជីវិត​អស់​កល្ប តាម​ព្រះ​បន្ទូល​សន្យា​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ទទួល​បាន​នូវ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ គង់​នៅ​ក្នុង​ពួក​គេ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ចិត្ត​យើង​(កូល៉ុស ១:២៧ និង អេភេសូរ ៣:១៧)។

ដោយ​សារ​ព្រះ​យេស៊ូវ មាន​ព្រះ​វត្ត​មាន​ក្នុង​ចិត្ត​យើង នោះ​យើង​មាន​ហេតុផល​រាប់​មិន​អស់ ដែល​ត្រូវ​អរ​ព្រះ​គុណ​ព្រះ​អង្គ​(កូល៉ុស ២:៦-៧)។ ព្រះ​អង្គ​ប្រទាន​យើង​នូវ​សមត្ថ​ភាព ដើម្បី​រស់​នៅ ដោយ​មាន​គោល​បំណង និង​កម្លាំង​(១:២៨-២៩)។ ព្រះ​អង្គ​បង្កើត​ឲ្យ​មាន​ក្តី​អំណរ ក្នុង​ចិត្ត​យើង គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ គឺ​ទាំង​ក្នុង​ពេល​រីក​រាយ ក៏​ដូច​ជា​ពេល​លំបាក​(ភីលីព ៤:១២-១៣)។ ព្រះ​វិញ្ញាណ​ព្រះ​គ្រីស្ទ​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​ទ្រង់​ផ្សំ​ការ​ទំាង​អស់ ដើម្បី​ជា​ប្រយោជន៍ដល់​យើង ទោះយើង​ដឹង ឬ​មិនដឹង​ក៏​ដោយ(រ៉ូម ៨:២៨)។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រទាន​សន្តិ​ភាព ដ៏​ស្ថិត​ស្ថេរ ទោះ​មាន​ភាព​វឹកវរ​នៅ​ជុំវិញយើង​យ៉ាង​ណា​ក៏​ដោយ(កូល៉ុស ៣:១៥)។

ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត ដែល​កើត​ចេញ​ពី​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ​ក្នុង​ចិត្ត​យើង នោះ​យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះ​វត្ត​មានព្រះ​អង្គ បញ្ចេញ​ពន្លឺ តាម​រយៈ​យើង ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់​ព្រះ​អង្គ​ផង​ដែរ។—Lisa M. Samra