កាលលោកឃែន(Ken) នៅបង្រៀននៅសាលាព្រះគម្ពីរសម្រាប់កុមារ អស់រយៈពេល១ឆ្នាំ គាត់ក៏បានសម្រេចចិត្តនាំសត្វដែលមានជីវិត ចូលក្នុងសាលារៀន ដើម្បីពន្យល់រឿងក្នុងព្រះគម្ពីរ។ ពេលដែលគាត់មកដល់សាលា ដើម្បីជួយបង្រៀន គេក៏បានសុំឲ្យគាត់នាំសត្វចៀមមួយក្បាលចូលកន្លែងបង្រៀន។ គាត់ត្រូវទាញសត្វដែលមានរោមស្រម៉ូវនោះ នឹងខ្សែ ចូលក្នុងទីលានហាត់ប្រាណរបស់ព្រះវិហារ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក វាមិនសូវមានភាពស្ទាក់ស្ទើរនៅក្នុងការដើរតាមគាត់ឡើយ។ នៅចុងសប្តាហ៍ គាត់មិនចាំបាច់ត្រូវដឹកវានឹងខ្សែទៀតទេ គឺគាត់គ្រាន់តែហៅវា នោះវាក៏តាមគាត់ ដោយដឹងថា វាអាចទុកចិត្តគាត់។
ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានប្រៀបធៀបអង្គទ្រង់ ទៅនឹងអ្នកគង្វាល ដោយមានបន្ទូលថា សត្វចៀម ដែលជាអ្នកជឿទ្រង់ នឹងដើរតាមទ្រង់ ព្រោះពួកគេស្គាល់សម្លេងទ្រង់(យ៉ូហាន ១០:៤)។ តែចៀមទ្រង់ នឹងគេចចេញពីមនុស្សចម្លែក ឬចោរ(ខ.៥)។ ដូចនេះ យើងដែលជាកូនព្រះ ត្រូវស្គាល់សម្លេងរបស់ព្រះដែលជាអ្នកគង្វាល តាមរយៈការប្រកបទាក់ទងជាមួយព្រះអង្គ។ ហើយខណៈពេលដែលយើងស្គាល់សម្លេងព្រះអង្គហើយ នោះយើងស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ ហើយរៀនទុកចិត្តព្រះអង្គ។
ពេលណាយើងស្គាល់ និងស្រឡាញ់ព្រះកាន់តែខ្លាំង នោះយើងនឹងស្គាល់សម្លេងព្រះអង្គ ហើយអាចគេចចេញពី “ចោរដែលមកលួច សម្លាប់ និងបំផ្លាញ”(ខ.១០) គឺគេចចេញពីអ្នកដែលព្យាយាមបោកបញ្ឆោត និងនាំយើងចេញឆ្ងាយពីព្រះអង្គ។ យើងអាចទុកចិត្តថា សម្លេងរបស់ព្រះដែលជាអ្នកគង្វាលរបស់យើង នឹងនាំយើងទៅរកកន្លែងដែលមានសុវត្ថិភាព គឺផ្ទុយស្រឡះពីពួកគ្រូបង្រៀនខុសឆ្គងទាំងនោះ។—Julie Schwab