កាល​លោក​ឃែន(Ken) នៅ​បង្រៀន​នៅ​សាលា​ព្រះ​គម្ពីរ​សម្រាប់​កុមារ អស់​រយៈ​ពេល​១​ឆ្នាំ គាត់ក៏​បាន​សម្រេច​ចិត្ត​នាំ​សត្វដែល​មាន​ជីវិត ចូល​ក្នុង​សាលា​រៀន ដើម្បី​ពន្យល់​រឿង​ក្នុង​ព្រះ​គម្ពីរ។ ពេល​ដែល​គាត់​មក​ដល់​សាលា ដើម្បី​ជួយ​បង្រៀន គេ​ក៏​បាន​សុំ​ឲ្យ​គាត់​នាំ​សត្វ​ចៀម​មួយ​ក្បាល​ចូល​កន្លែង​បង្រៀន។ គាត់​ត្រូវ​ទាញ​សត្វ​ដែល​មាន​រោម​ស្រម៉ូវ​នោះ នឹង​ខ្សែ ចូល​ក្នុង​ទីលាន​ហាត់​ប្រាណ​របស់​ព្រះ​វិហារ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក វា​មិន​សូវ​មាន​ភាព​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​ដើរ​តាម​គាត់​ឡើយ។ នៅ​ចុង​សប្តាហ៍ គាត់​មិន​ចាំ​បាច់​ត្រូវ​ដឹក​វា​នឹង​ខ្សែ​ទៀត​ទេ គឺ​គាត់​គ្រាន់​តែ​ហៅ​វា នោះ​វា​ក៏​តាម​គាត់ ដោយ​ដឹង​ថា វា​អាច​ទុក​ចិត្តគាត់។

ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ប្រៀប​ធៀប​អង្គ​ទ្រង់ ទៅ​នឹង​អ្នក​គង្វាល ដោយ​មាន​បន្ទូល​ថា សត្វ​ចៀម ដែល​ជា​អ្នក​ជឿទ្រង់ នឹង​ដើរ​តាម​ទ្រង់ ព្រោះ​ពួក​គេ​ស្គាល់​សម្លេង​ទ្រង់​(យ៉ូហាន ១០:៤)។ តែ​ចៀម​ទ្រង់ នឹង​គេច​ចេញ​ពី​មនុស្ស​ចម្លែក ឬ​ចោរ​(ខ.៥)។ ដូច​នេះ យើង​ដែល​ជា​កូន​ព្រះ ត្រូវ​ស្គាល់​សម្លេង​របស់​ព្រះ​ដែល​ជា​អ្នក​គង្វាល តាម​រយៈ​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ​។ ហើយ​ខណៈ​ពេល​ដែល​យើង​ស្គាល់​សម្លេង​ព្រះ​អង្គ​ហើយ នោះ​យើង​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ ហើយ​រៀន​ទុក​ចិត្តព្រះ​អង្គ។

ពេល​ណា​យើង​ស្គាល់ និង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង នោះ​យើង​នឹង​ស្គាល់​សម្លេង​ព្រះ​អង្គ ហើយ​អាច​គេច​ចេញ​ពី “ចោរ​ដែល​មក​លួច សម្លាប់ និង​បំផ្លាញ”(ខ.១០) គឺ​គេច​ចេញ​ពី​អ្នក​ដែល​ព្យាយាម​បោក​បញ្ឆោត និង​នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ។ យើងអាច​ទុក​ចិត្ត​ថា សម្លេង​របស់​ព្រះ​ដែល​ជា​អ្នក​គង្វាល​របស់​យើង នឹង​នាំ​យើង​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព គឺ​ផ្ទុយ​ស្រឡះ​ពីពួក​គ្រូ​បង្រៀន​ខុស​ឆ្គង​ទាំង​នោះ។—Julie Schwab