លោកអេដ វើត ប្លែបឺក(Edward Bleiberg) ជាអ្នកគ្រប់គ្រងការតាំងពិពណ៌ នៃសិល្បៈរបស់ជនជាតិអេស៊ីព្ទ នៅសារៈមន្ទីរប្រ៊ូគ្លីន។ ភ្ញៀវដែលចូលមកទស្សនៈសារៈមន្ទីរនេះ ភាគច្រើនសួរគាត់ថា “ហេតុអ្វីច្រមុះរបស់រូបចម្លាក់ទាំងនោះ កំបុត?”
លោកប្លេបឺកមិនអាចនិយាយថា ការបាក់បែកនោះបណ្តាលមកពីការខ្សឹករីករិល ដោយសារអាកាសធាតុនោះឡើយ។ សូម្បីតែ នៅក្នុងរូបគំនូរ2D ក៏គេគូររូបចម្លាក់នោះ ឲ្យកំបុតច្រមុះផងដែរ។ គាត់ក៏បានសន្និដ្ឋានថា គេប្រហែលជាបានធ្វើឲ្យមានការបាក់បែកនោះ ដោយចេតនា។ ពួកសត្រូវនៃនគរអេស៊ីព្ទចង់សម្លាប់ព្រះរបស់សាសន៍អេស៊ីព្ទ។ គឺពួកគេហាក់ដូចជា កំពុងតែលេងល្បែង “កាត់ច្រមុះ” ជាមួយសាសន៍អេស៊ីព្ទ។ កងទ័ពរបស់សត្រូវឈ្លានពាន បានកាត់ច្រមុះចេញពីរូបព្រះទាំងអស់នោះ ដើម្បីឲ្យពួកគេមិនអាចដកដង្ហើមរួច។
តើពិតមែនឬ? តើគ្រាន់តែកាត់ច្រមុះនោះ ធ្វើឲ្យព្រះរបស់អេស៊ីព្ទស្លាប់ឬ? ស្តេចផារ៉ោនប្រហែលជាគិតថា ទ្រង់កំពុងជួបបញ្ហាហើយពេលដែលព្រះរបស់ទ្រង់មានសណ្ឋានបែបនេះ។ ជាការពិតណាស់ ស្តេចអង្គនេះមានកងទ័ព និងប្រជាជនមួយប្រទេសដែលស្ម័គ្រស្មោះនឹងទ្រង់។ ជនជាតិហេព្រើរ គឺជាទាសករដ៏ហត់នឿយ ដែលត្រូវបានដឹកនាំ ដោយលោកម៉ូសេ ដែលគេកំពុងតាមចាប់ខ្លួន។ តែពួកអ៊ីស្រាអែល ឬសាសន៍ហេព្រើរ មានព្រះដ៏រស់គង់នៅជាមួយ ហើយព្រះរបស់ស្តេចផារោន គ្រាន់តែជាព្រះក្លែងក្លាយប៉ុណ្ណោះ។ បន្ទាប់ពីពួកគេបានជួបគ្រោះកាចទាំង១០ហើយ ជនជាតិអេស៊ីព្ទក៏បានដឹងថា ព្រះរបស់ខ្លួនគ្មានអំណាចជួយពួកគេទេ។
ជនជាតិអ៊ីស្រាអែលក៏បានអបអរជ័យជម្នះរបស់ខ្លួន ដោយប្រារព្ធបុណ្យនំប៉័ងឥតដំបែរ ដោយបរិភោគនំប៉័ងឥតដំបែរ អស់១សប្តាហ៍(និក្ខមនំ ១២:១៧ ១៣:៧-៩)។ ដំបែរជានិមិត្តរូបតំណាងឲ្យអំពើបាប ហើយព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តទ្រង់ នឹកចាំថា ជីវិតរបស់ពួកគេ ដែលព្រះអង្គបានរំដោះនោះ គឺជាកម្មសិទ្ធិរបស់ព្រះអង្គ។
ព្រះវរបិតានៃយើងបានធ្វើឲ្យគេដឹងថា ព្រះក្លែងក្លាយទាំងនោះគ្មានអំណាចទេ ហើយព្រះអង្គប្រទានជីវិតមកយើងរាល់គ្នា។ ចូរយើងបម្រើព្រះ ដែលប្រទានខ្យល់ដង្ហើមមកយើង ហើយសម្រាកក្នុងព្រះហស្តនៃក្តីស្រឡាញ់របស់ទ្រង់។—Mike Wittmer