គ្រាប់​បែក​បាន​ផ្ទុះឡើង នៅ​ក្រៅ​ផ្ទះ​មួយ​ខ្នង នៅ​ប្រទេស​ស្រី​លង្កា ខណៈ​ពេល​ដែល​លោក​ស៊ូរី វីល្លាម(Suri Williams) ដែលជា​បេសកជន​វ័យ​ក្មេង និង​ក្រុម​គ្រួសារ កំពុង​តែ​ជ្រក​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បី​សុវត្ថិ​ភាព។ អ្នក​បម្រើ​ព្រះ​ដ៏​ក្មេង​វ័យ​នេះ បានលះ​បង់​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ទីក្រុង​កូឡំបូ ដើម្បី​បម្រើ​ព្រះ ក្នុង​តំបន់​ខាង​ជើង នៃ​ប្រទេស​ស្រី​លង្កា ដែល​កំពុង​តែ​មាន​សង្រ្គាម​ស៊ីវិល​។ អ្នក​ដឹក​នាំ​អង្គការ​របស់​គាត់ បាន​សុំ​ឲ្យ​គាត់​ត្រឡប់​មក​ទីក្រុង​កូឡំបូ​វិញ ដើម្បី​សុវត្ថិ​ភាព តែ​លោក​ស៊ូរី​ឆ្លើយ​តប​ថា “កន្លែងដែល​សុវត្ថិ​ភាព​បំផុត គឺ​ជា​កន្លែង​ដែល​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ”។ នេះ​ជា​ពាក្យ​ដែល​គាត់​បាន​ដក​ស្រង់​ពី​អ្នក​ស្រី ខូរី ធែន ប៊ូន(Corrie Ten Boom) ជា​គ្រីស្ទ​បរិស័ទ​ជន​ជាតិ​ហូឡង់ ដែល​គេ​បាន​ចាប់​ដាក់​គុក ដោយ​សារ​គាត់​បាន​ជួយ​ជន​ជាតិយូដា​រត់​គេច ពី​កង​ទ័ព​អាឡឺម៉ង់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។

លោក​ស៊ូរី​បាន​ត្រៀម​ខ្លួន ដើម្បី​រង​ទុក្ខ ដោយសារ​ការ​ផ្សាយ​ដំណឹង អំពី​សេចក្តី​សង្រ្គោះ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រទាន​ដល់អស់​អ្នក​ដែល​ជឿ ហើយ​គាត់​ក៏​បាន​ស៊ូទ្រាំ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស្រី​លង្កា អស់​រយៈ​ពេល​១​៥​ឆ្នាំ។ យុវ​ជន​ជា​ច្រើន​នាក់បាន​ក្លាយ​ជា​សិស្ស​គាត់ ហើយ​ក្រោយ​មក ពួក​គេ​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ និង​គ្រូ​គង្វាល។ កូន​ស្រី​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពេលណា​គ្រាប់​បែក​ផ្ទុះ ពួក​គេ​ក៏​បាន​ច្រៀង​សរសើរ​ព្រះ ហើយ​លេង​ល្បែង​កម្សាន្ត នៅ​ក្នុង​បន្ទប់​ដាក់​ឡាន​នោះ។

ក្នុង​បទ​គម្ពីរ ១ពេត្រុស ៣:១៤-១៧ ពួក​សាវ័ក​បាន​ជំរុញ​យើង ឲ្យ​ត្រៀម​ខ្លួន ដើម្បី​រង​ទុក្ខ​ថ្វាយ​ព្រះ​គ្រីស្ទ ដោយ​កត់​សំគាល់​ថា យើង​នឹង​មាន​ពរ ដោយ​សារ​ការ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត(ខ.១៤,១៧)។​ នេះ​ជា​ការ​ធានា សម្រាប់​ការ​ដើរ​តាម​ព្រះ។ ផ្លូវ​នៃ​ការ​ស្តាប់​បង្គាប់​អាច​មាន​ពេញ ដោយ​ទុក្ខ​លំបាក តែ​យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត។  យើង​អាច​ស៊ូទ្រាំ ក្នុង​ទុក្ខលំបាក ដោយ​ដឹង​ថា ព្រះ​កំពុងតែ​ថែរក្សា​យើង ហើយ​ស្តាប់​យើង​អធិស្ឋាន​(ខ.១២)។—Asiri Fernando