ថ្ងៃ​មួយ មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ មក​ស្ថានីយ​វិទ្យុ​គ្រីស្ទាន​មួយ ដើម្បី​ប្រាប់​គេ​ថា ភរិយា​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះវិញ បន្ទាប់​ពី​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ។ បន្ទាប់​មក គាត់​ក៏​បាន​ចែក​ចាយ អំពី​រឿង​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។ គាត់​ថា សាមាជិក​នីមួយ​ៗ​របស់​ព្រះ​វិហារ​គាត់ បាន​ជួយ​យក​អសារ​ក្រុម​គ្រួសារ​គាត់ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ។

ពេល​ដែល​ខ្ញុំ​បាន​ឮ​សម្តីដ៏​សាមញ្ញ​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​តម្លៃ និង​ភាព​ចាំ​បាច់​នៃ​ភាព​ចៅ​រ៉ៅ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា ទៅ​វិញ​ទៅ​មក​របស់​គ្រីស្ទ​បរិស័ទ។ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​គិត​ថា ក្តី​ស្រឡាញ់ និង​ការ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​បង​ប្អូន​រួមជំនឿ គឺ​ជា​វិធី​ដ៏​ប្រសើរ​បំផុត ដើម្បី​បង្ហាញ​ចេញ​នូវ​អំណាច​នៃ​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ។​

សាវ័ក​ពេត្រុស​បាន​សរសេរ​កណ្ឌ​គម្ពីរ​សំបុត្រ​ពេត្រុស ទី១ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​ នៅ​សតវត្សរ៍​ទី​មួយ នៅ​ទូទាំង​តំបន់​មួយ ដែល​សព្វ​ថ្ងៃ ជា​ប្រទេស​ទួរគី។ ក្នុង​សំបុត្រ​នេះ គាត់​បាន​ជំរុញ​អ្នក​អាន​របស់​គាត់ “ឲ្យ​ខំ​ប្រឹង​ឲ្យ​មាន​សេចក្តី​ចៅ​រ៉ៅ”   គឺដូច​ដែល​​មិត្ត​សំឡាញ់​របស់​គាត់ គឺសាវ័ក​ប៉ុល​បាន​សរសេរ ក្នុង​បទ​គម្ពីរ​រ៉ូម ១២:១៣  ។ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា “ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត … ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ” ហើយ​គាត់​ក៏​បាន​ប្រាប់​ពួកគេ ឲ្យ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក(១ពេត្រុស ៤:៨-១០)។ នេះ​ជា​អ្វី​ដែល​អ្នក​ជឿ​ព្រះ​យេស៊ូវ​ទាំង​អស់ ត្រូវ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

យើង​រាល់​គ្នា សុទ្ធ​តែ​ស្គាល់​មនុស្ស ដែល​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់​មក​កំដរ ហើយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្តីស្រឡាញ់ តាម​គំរូ​ព្រះ​គ្រីស្ទ។ ចូរ​យើង​រស់​នៅ​ជា​មនុស្ស​ដែល​ចេះ​យក​អសារ​អ្នក​ដទៃ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ។—Dave Branon