រូបគំនូររបស់លោកមៃឃលអេនជេឡូ(Michelangelo) បានពិពណ៌នា អំពីផ្នែកជាច្រើន នៃព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដី តែរូបគំនូររបស់គាត់ ដែលបង្ហាញភាពសោកសៅបំផុត ស្ថិតក្នុងចំណោមរូបគំនូដែលសាមញ្ញបំផុត។ នៅឆ្នាំ១៥៤០ គាត់បានគូរគំនូរមួយផ្ទាំង សម្រាប់មិត្តភក្តិគាត់ម្នាក់ ឈ្មោះ វីតូរៀ ខូឡូណា(Vittoria Colonna) ដែលជារូបគំនូរព្រះមាតាព្រះយេស៊ូវត្រកងព្រះសពព្រះយេស៊ូវ។ គាត់បានគូរូបនោះពីដីស ដោយពិពណ៌នា អំពីការដែលនាងម៉ារា មើលទៅមេឃ ខណៈពេលដែលនាងត្រកងព្រះសពបុត្ររបស់នាង ដែលរឹងស្តូក។ នៅពីក្រោយនាងម៉ារា មានរូបឈើឆ្កាងដែលបញ្ចេញពន្លឺ នឹងពាក្យថា “គេមិនដឹងថា ព្រះយេស៊ូវបានហូរព្រះលោហិតច្រើនប៉ុណ្ណាទេ”។ គំនូររបស់លោកមៃឃលអេនជេឡូ ពិតជាមានន័យណាស់។ គឺបានលើកទឹកចិត្តយើងថា ពេលណាយើងពិចារណា អំពីការសុគតរបស់ព្រះយេស៊ូវ នោះយើងត្រូវពិចារណា អំពីការលះបង់របស់ព្រះអង្គផងដែរ។
ការលះបង់របស់ព្រះគ្រីស្ទ ក៏បានបង្ហាញនៅក្នុងការប្រកាស់របស់ព្រះអង្គ មុនពេលព្រះអង្គផុតដង្ហើម ដោយព្រះអង្គមានបន្ទូលថា “ការស្រេចហើយ”(យ៉ូហាន ១៩:៣០)។ ពាក្យ “ការស្រេចហើយ” មានអត្ថន័យផ្សេងៗគ្នា ដែលមានដូចជា ការបង់ថ្លៃបានរួចរាល់ហើយ កិច្ចការបានចប់សព្វគ្រប់ហើយ យញ្ញបូជាត្រូវបានថ្វាយហើយ និងស្នាដៃដ៏ល្អឯកបានបញ្ចប់ហើយ។ ការអ្វីដែលព្រះយេស៊ូវបានធ្វើជំនួសយើង នៅលើឈើឆ្កាង គឺបានបង់ថ្លៃលោះយើង ចប់សព្វគ្រប់ហើយ។ ប្រហែលមកពីហេតុនេះហើយ បានជាសាវ័កប៉ុលបានសរសេរថា “ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ”(កាឡាទី ៦:១៤)។
ការដែលព្រះយេស៊ូវបានស្ម័គ្រព្រះទ័យសុគតជំនួសយើង គឺជាភស្តុតាងដ៏អស់កល្ប ដែលបង្ហាញអំពីទំហំនៃក្តីស្រឡាញ់របស់ព្រះ ចំពោះយើង។ ខណៈពេលដែលយើងពិចារណា អំពីការបង់ថ្លៃរបស់ព្រះអង្គ នោះចូរយើងអរព្រះគុណ និងត្រេកអរ ចំពោះក្តីស្រឡាញ់ និងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង។—Bill Crowder