ក្រុមគ្រួសារខ្ញុំរស់នៅ ក្នុងផ្ទះចាស់មួយខ្នង ដែលមានអាយុកាលជិត១រយឆ្នាំ វាមានលក្ខណៈជាច្រើន ដែលមានដូចជា ជញ្ជាំងម្នាងសិលា ដែលមានផ្ទៃរាបដ៏អស្ចារ្យ។ ជាងសង់ផ្ទះម្នាក់បានប្រាប់ខ្ញុំ ឲ្យមានការប្រុងប្រយ័ត្ន ពេលណាខ្ញុំចង់ព្យួរស៊ុមរូបថត នៅលើជញ្ជាំងទាំងនោះ។ គាត់ថា ខ្ញុំត្រូវស្វានវីស ឲ្យចំឆ្អឹងឈើ ដែលបង្កប់នៅពីក្រោយបន្ទះម្នាងសិលា ឬប្រើតាក់កេសម្រាប់ម្នាងសិលា ដើម្បីព្យួររូបថតទាំងនោះ។ ពុំនោះទេ ស៊ុមរូបថតនោះអាចបាក់បែក ដោយធ្លាក់មកលើដី បន្សល់ទុកនូវប្រហោងដ៏អាក្រក់នៅលើជញ្ជាំង។
លោកហោរាអេសាយធ្លាប់បាននិយាយប្រៀបប្រដូច អំពីដែកគោល ដែលបានដំជាប់យ៉ាងមាំ នៅលើជញ្ជាំង ដើម្បីពិពណ៌នា អំពីតួអង្គតូចមួយ ក្នុងព្រះគម្ពីរ ឈ្មោះ អេលាគីម។ លោកអេលាគីមទុកចិត្តព្រះអម្ចាស់ គឺខុសពីមន្រ្តីពុករលួយ ឈ្មោះសេបនា(អេសាយ ២២:១៥-១៩) ក៏ដូចជាជនជាតិអ៊ីស្រាអែល ដែលពឹងផ្អែកលើកម្លាំងខ្លួនឯង(ខ.៨-១១)។ លោកអេសាយក៏បានថ្លែងទំនាយ អំពីការដែលលោកអេលាគីម នឹងក្លាយជា រដ្ឋបាលនៃរាជវាំងរបស់ស្តេចហេសេគា ហើយគាត់ក៏បានសរសេរថា លោកអេលាគីម នឹងត្រូវបានជាប់នៅ ដូចដែកគោលដែលបានបោះភ្ជាប់នៅមួយកន្លែងដែលស្ថិតស្ថេរ(ខ.២៣)។ ដោយគាត់ជាប់នៅក្នុងសេចក្តីពិត និងព្រះគុណរបស់ព្រះ នោះលោកអេលាគីម នឹងបានទ្រទ្រង់ក្រុមគ្រួសារ និងប្រជាជនគាត់(ខ.២២-២៤)។
តែលោកអេសាយ បានបញ្ចប់ការថ្លែងទំនាយនោះ ដោយការរំឭកថា គ្មាននរណាម្នាក់អាចធ្វើជាទីពឹង ដល់មិត្តសំឡាញ់ ឬក្រុមគ្រួសារជារៀងរហូតឡើយ យើងរាល់គ្នាសុទ្ធតែអាចមានកំហុស(ខ.២៥)។ យុថ្កាដែលយើងអាចទុកចិត្តបានទាំងស្រុង គឺជាព្រះយេស៊ូវ(ទំនុកដំកើង ៦២:៥-៦ ម៉ាថាយ ៧:២៤)។ ខណៈពេលដែលយើងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយជួយសម្រាលបន្ទុកពួកគេ នោះចូរយើងនាំគេឲ្យងាកទៅរកព្រះអង្គ ដែលជាយុថ្កាជាប់នៅស្ថិតស្ថេរ។—Lisa M. Samra