ការ​ស្រាវ​ជ្រាវ​នៃ​សកល​វិទ្យាល័យ​ហាវើត អំពី​ការ​លូត​លាស់​របស់​មនុស្ស​ពេញ​វ័យ គឺ​ជា​គម្រោង​ដែល​មាន​ដំណើរ​ការ​ជា​ច្រើន​ទសវត្សរ៍ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ដឹងកាន់​តែ​ច្បាស់ អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ដែល​ល្អ។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​ចាប់​ផ្តើម ដោយ​មាន​និស្សិត​ឆ្នាំ​ទីពីរ​មួយ​ក្រុម មាន​គ្នា​៤៥៦​នាក់ នៅ​សកល​វិទ្យាល័យ​ហាវើត ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ហើយ​ក្រោយមក ក៏​បាន​ពង្រីក ដោយ​មាន​ការ​ចូល​រួម​ជា​បន្ថែម​ទៀត ពី​ប្រជា​ពល​រដ្ឋ​៤៥៦​នាក់ ក្នុង​ទីក្រុង​បូស្តុន។ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការសម្ភាស​អ្នក​ចូល​រួម ហើយ​ក៏​បាន​ធ្វើ​ការ​សិក្សា​មក​លើ​កំណត់​ត្រា​វេជ្ជសាស្រ្ត​របស់​ពួក​គេ​ រៀង​រាល់​ពីរ​បី​ឆ្នាំ​ម្តង។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ទាំង​នោះ គឺ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល និង​សុខ​ភាព​ល្អ។ ដូច​នេះ បើ​យើង​នៅ​ក្បែរ​មនុស្ស​ដែល​ផ្តល់​ឲ្យ​នូវ​ទំនាក់​ទំនង​ល្អ នោះ​យើង​ក៏​ទំនង​ជា​នឹង​មាន​ក្តី​អំណរ​កាន់​តែ​ជ្រាល​ជ្រៅ​ផង​ដែរ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក​១។ កាល​នោះ គាត់​បាន​សរសេរសំបុត្រ​ផ្ញើ​រពី​ក្នុង​ពន្ធ​ធនាគា​មក ដោយ​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា រៀង​រាល់​ពេល​ដែល​គាត់​នឹក​ចាំ​អំពី​ពួក​គេ គាត់​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ទំនាក់​ទំនង​ដែល​គាត់​មាន​ជា​មួយ​ពួក​គេ  ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ “ដោយ​អំណរ”​(ខ.៤)។ ប៉ុន្តែ ពួក​គេ​មិន​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​យេស៊ូវ ដែល “មាន​សេចក្តី​ប្រកប​ក្នុង​ព្រះ​គុណ​ជា​មួយ​គាត់” និងជា​គូកន​ក្នុង​ដំណឹង​ល្អ ជា​មួយ​គាត់​(ខ.៧)។ ទំនាក់​ទំនង​របស់​ពួក​គេ គឺ​មាន​ការ​ចែក​រំលែក និង​យក​អាសារ​គ្នា​ទៅ​វិញ​ទៅ​មក ជាការ​ប្រកប​ដ៏​ពិត ដែល​បង្កើត​ឡើង ដោយ​សេចក្តី​ស្រឡាញ់ និង​ដំណឹង​ល្អ​របស់​ព្រះ។

ជា​ការ​ពិត​ណាស់ មិត្ត​ភក្តិ មាន​សារៈ​សំខាន់ តែ​បង​ប្អួន​រួម​ជំនឿ​ដែល​មាន​ការ​ប្រកប​ដ៏​ពិត ជា​កត្តា​ដែល​នាំ​មក​នូវ​ក្តី​អំណរ ដ៏​ពិត និង​ជ្រាល​ជ្រៅ។ ព្រះ​គុណ​ព្រះ​អាច​ចងភ្ជាប់​យើង ឲ្យ​មាន​ការ​រួប​រួម​ដ៏​ល្អ​បំផុត។ ទោះ​យើង​ស្ថិតក្នុង​រដូវ​កាល​ដ៏​ងងឹត​បំផុត​ក្នុងជីវិត ក្តី​អំណរ ដែល​កើត​ឡើង​ពី​ចំណង​នោះ នៅ​តែ​ស្ថិត​ស្ថេរ។—Glenn Packiam