កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ១៩៨៦ យាន្ត​អវកាស​ឆាលិនជើរ របស់​សហរដ្ឋ​អាមេរិក បាន​ផ្ទុះ​នៅ​លើ​អាកាស បន្ទាប់​ពី​បានហោះ​ឡើង​បាន​តែ​៧៣​វិនាទី។ លោក​ប្រធានា​ធិបតី រីហ្គិន(Reagan) ក៏​បាន​ឡើង​ថ្លែង​សន្ទរក​ថា ដើម្បី​កម្សាន្ត​ចិត្ត​ប្រជាជន ដោយ​ដក​ស្រង់​បទ​កំណាព្យ មាន​ចំណង​ជើង​ថា “ការ​ហោះ​ហើរ​ដ៏​ខ្ពស់” ដែល​ក្នុង​នោះ លោក​ចន ហ្គីលេសផាយ មេហ្គី(John Gillespie Magee) ដែល​ជា​អ្នក​បើក​យន្ត​ហោះ​នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ បាន​សរសេរ អំពី “ភាព​បរិសុទ្ធ​នៃ​លំហរ​អាវ​កាស ដ៏​ខ្ពស់ ដែល​មិន​មនុស្ស​មិន​ទាន់​ទៅ​ដល់” និង​អំពី​ការ​ស្រមៃ​ថា គាត់​ហាក់​ដូច​ជា​បាន​ប៉ះ​ “ព្រះ​ភក្រ​របស់​ព្រះ”។

យើង​មិន​អាច​ប៉ះ​ព្រះ​ភក្រ្ត​របស់​ព្រះ ប៉ុន្តែ ជួន​កាល ពេល​ណា​យើង​បាន​ឃើញ​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​ក្រៃ​លែង ឬ​បាន​ទៅ​កន្លែងណា​មួយ ក្នុង​ធម្មជាតិ ដើម្បី​ចំណាយ​ពេល​ស្ងាត់​ស្ងៀម យើង​ក៏​មាន​អារម្មណ៍​ថា​ ព្រះ​អង្គ​កំពុង​តែ​គង់​នៅ​ក្បែរ​យើង។ រនាំង​ដែល​បាន​ខណ្ឌ​នៅ​កណ្តាល​ស្ថាន​សួគ៌ និង​ផែន​ដី ហាក់​ដូច​ជា​កាន់​តែ​ស្ដើង​ជាង​មុន។ ពោល​គឺ យើង​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​នៅ​ជិត​ជាង​មុន។​

ប្រជា​ជន​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​គង់​នៅ​ក្បែរ​ពួក​គេ នៅ​ក្នុង​វាល​រហោ​ស្ថាន​ផង​ដែរ។ ព្រះ​ទ្រង់​ប្រទាន​បង្គោលពពក​នៅ​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង នៅ​ពេល​យប់ ដើម្បី​ដឹក​នាំ​ពួក​គេ​កាត់​តាម​វាល​រហោ​ស្ថាន​(និក្ខមនំ ៤០:៣៤-៣៨)។ ពេល​ដែល​ពួក​គេ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរុំ “សិរីល្អ​របស់​ព្រះ​បាន​ស្ថិត​នៅ​ពេញ​រោង​ឧបោសថ”(ខ.៣៥)។ ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​មូល គេ​បាន​ដឹង​ថា ព្រះ​អង្គ​បាន​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច។

ខណៈ​ពេល​ដែល​យើង​អរ​សប្បាយ​នឹង​សម្រស់​នៃ​ស្នា​ព្រះហស្ត​របស់​ព្រះ យើង​ក៏​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​អង្គ​គង់​នៅ​គ្រប់​ទី​កន្លែង។ ពេល​ណា​យើង​និយាយ​ទៅ​កាន់​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន ស្តាប់​ព្រះ​អង្គ ហើយ​អាន​ព្រះ​គម្ពីរ យើង​អាច​អរ​សប្បាយនឹង​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។​—Cindy Hess Kasper