កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៦ យាន្តអវកាសឆាលិនជើរ របស់សហរដ្ឋអាមេរិក បានផ្ទុះនៅលើអាកាស បន្ទាប់ពីបានហោះឡើងបានតែ៧៣វិនាទី។ លោកប្រធានាធិបតី រីហ្គិន(Reagan) ក៏បានឡើងថ្លែងសន្ទរកថា ដើម្បីកម្សាន្តចិត្តប្រជាជន ដោយដកស្រង់បទកំណាព្យ មានចំណងជើងថា “ការហោះហើរដ៏ខ្ពស់” ដែលក្នុងនោះ លោកចន ហ្គីលេសផាយ មេហ្គី(John Gillespie Magee) ដែលជាអ្នកបើកយន្តហោះនៅសម័យសង្រ្គាមលោកលើកទី២ បានសរសេរ អំពី “ភាពបរិសុទ្ធនៃលំហរអាវកាស ដ៏ខ្ពស់ ដែលមិនមនុស្សមិនទាន់ទៅដល់” និងអំពីការស្រមៃថា គាត់ហាក់ដូចជាបានប៉ះ “ព្រះភក្ររបស់ព្រះ”។
យើងមិនអាចប៉ះព្រះភក្រ្តរបស់ព្រះ ប៉ុន្តែ ជួនកាល ពេលណាយើងបានឃើញថ្ងៃលិចដ៏ស្រស់ស្អាតក្រៃលែង ឬបានទៅកន្លែងណាមួយ ក្នុងធម្មជាតិ ដើម្បីចំណាយពេលស្ងាត់ស្ងៀម យើងក៏មានអារម្មណ៍ថា ព្រះអង្គកំពុងតែគង់នៅក្បែរយើង។ រនាំងដែលបានខណ្ឌនៅកណ្តាលស្ថានសួគ៌ និងផែនដី ហាក់ដូចជាកាន់តែស្ដើងជាងមុន។ ពោលគឺ យើងមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជានៅជិតជាងមុន។
ប្រជាជនអ៊ីស្រាអែលក៏ធ្លាប់បានពិសោធន៍នឹងព្រះវត្តមានរបស់ព្រះ ដែលគង់នៅក្បែរពួកគេ នៅក្នុងវាលរហោស្ថានផងដែរ។ ព្រះទ្រង់ប្រទានបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើង នៅពេលយប់ ដើម្បីដឹកនាំពួកគេកាត់តាមវាលរហោស្ថាន(និក្ខមនំ ៤០:៣៤-៣៨)។ ពេលដែលពួកគេកំពុងស្នាក់នៅក្នុងជំរុំ “សិរីល្អរបស់ព្រះបានស្ថិតនៅពេញរោងឧបោសថ”(ខ.៣៥)។ ក្នុងការធ្វើដំណើរទាំងមូល គេបានដឹងថា ព្រះអង្គបានគង់នៅជាមួយពួកគេជានិច្ច។
ខណៈពេលដែលយើងអរសប្បាយនឹងសម្រស់នៃស្នាព្រះហស្តរបស់ព្រះ យើងក៏ដឹងកាន់តែច្បាស់ថា ព្រះអង្គគង់នៅគ្រប់ទីកន្លែង។ ពេលណាយើងនិយាយទៅកាន់ព្រះអង្គ ដោយការអធិស្ឋាន ស្តាប់ព្រះអង្គ ហើយអានព្រះគម្ពីរ យើងអាចអរសប្បាយនឹងការប្រកបជាមួយព្រះអង្គ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។—Cindy Hess Kasper